ឧទ្ធម្ភាគចក្រ​បំពាក់​បច្ចេកវិជ្ជា AI អាច​នឹង​ធ្វើឱ្យ​តាក់ស៊ី​ហោះ​ដោយ​ស្វ័យប្រវត្តិ ក្លាយជា​ការពិត​ក្នុងពេល ៥ ឆ្នាំ​ទៀត​

2489
ចែករម្លែក

​ក្រុមហ៊ុន​មួយ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បានបង្ហាញ​ប្រព័ន្ធ “​ជំនួយ​បើកបរ​” AI ថ្មី​សន្លាង​មួយ ដែល​ខ្លួន​សង្ឃឹមថា​អាច​ផ្លាស់ប្តូរ​វិធី​ដែល​យើង​ធ្វើដំណើរ​។​

​ក្រុមហ៊ុន SkyRyse និយាយថា យន្តហោះ​ដំបូង​របស់ខ្លួន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ទីក្រុង​ត្រេ​ស៊ី រដ្ឋ​កាលីហ្វ័រ​ញ៉ា​នៅ​ខែមករា កន្លែង​ដែល​វា​នឹង​ផ្តល់​ការគាំទ្រ​ដល់​អង្គភាព​ឆ្លើយតប​ប​ន្ទា​ន់​របស់​ទីក្រុង រួមមាន​ការអនុវត្ត​ច្បាប់ បេសកកម្ម​រុករក​និង​សង្គ្រោះ និង អ្នក​ពន្លត់អគ្គីភ័យ​។

​ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាតឱ្យ​ឧទ្ធម្ភាគចក្រ​និង​យន្តហោះ​ដទៃទៀត​ហោះហើរ​ដោយ​ខ្លួន​វា ហើយ​ស្ថាបនិក​របស់​វា​សង្ឃឹមថា​នឹង​វ៉ា​ឈ្នះ​ក្រុមហ៊ុន Uber និង​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​កំពុង​អភិវឌ្ឍ​សេវាកម្ម “​រថយន្ដ​តាក់ស៊ី​ហោះ​”​។​

​លោក ម៉ាក ហ្គ្រោ​ដិ​ន (Mark Groden) នាយក​ប្រតិបត្តិ​និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន SkyRyse បាន​ប្រាប់​ទូរទស្សន៍ CNBC ថា “​ក្នុងអំឡុងពេល ៥ ទៅ ១០ ឆ្នាំ​ទៀត វា​អាច​នឹង​ទៅរួច​ក្នុងការ​ស្នើសុំ​យន្តហោះ ដែល​ចុះចត​និង​ហោះ​បញ្ឈរ​ទៅកាន់​ទីតាំង​មិន​ឆ្ងាយ​ពី​កន្លែង​រស់នៅ​របស់​អ្នក​ឬ​ទិសដៅ​កំណត់​របស់​អ្នក​”​។​

​កាល​នៅ​អាយុ ១៥ ឆ្នាំ លោក​ហ្គ្រោ​ដិ​ន ដែល​បាន​បង្កើត​ក្រុមហ៊ុន SkyRyse ជាមួយ​លោក មី​ត អេ​ដ្ល័​រ (Mitch Adler) បាន​បង្កើតកូន​យន្តហោះ​ខ្នាតតូច​ប៉ុន​បាតដៃ​ស្លាប​ជាប់​តួ​ដំបូង​គេ​បង្អស់​របស់​ពិភពលោក ដែលមាន​សមត្ថភាព​ហោះហើរ​និង​ចុះចត​បញ្ឈរ​ត្រង់ នៅឯ​មន្ទីរពិសោធន៍រ​បស់​កងទ័ពអាកាស​អា​មេ​រិ​ក ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​យោធា​អាមេរិក​នៅក្នុង​បេសកកម្ម​នានា​។​

​លោក​បាន​និយាយថា គោលដៅ​របស់​ក្រុមហ៊ុន​គឺ​បង្កើត​រថយន្ត​តាក់ស៊ី​ហោះ​ស្វយ័ត ដែលមាន​តម្លៃ​ដូចគ្នា​ទៅនឹង​តាក់ស៊ី​ហោះ​របស់​ក្រុមហ៊ុន Lyft, Uber ឬ Didi ។​

​ក្រុមហ៊ុន SkyRyse បាន​និយាយថា “​ជា​រៀងរាល់ឆ្នាំ ពេលវេលា​រាប់ពាន់​លាន​ម៉ោង​ត្រូវបាន​ខ្ជះខ្ជាយ​នៅក្នុង​ចរាចរណ៍ បន្ទាប់ពី​ការធ្វើ​ចរាចរណ៍​ពុំមាន​ប្រសិទ្ធិភាព ដោយ​នាំឱ្យ​ខាត​លុយ​បង់ពន្ធ និង ផលិតភាព​របស់​យើង​។ យើង​កំពុង​កសាង​សេវា​ដឹកជញ្ជូន​ផ្លូវអាកាស​ដែល​ពុំ​ត្រូវបាន​ធ្វើឱ្យ​ក្រិន​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​សព្វថ្ងៃនេះ​ទេ​។ អ្វីដែល​បានចាប់ផ្តើម​ដោយ​ការ​ប្រឌិត​បែប​វិទ្យាសាស្ត្រ​កំពុងតែ​ក្លាយជា​ការពិត​នៅ​ក្រុមហ៊ុន SkyRyse​។ មិនយូរ​មិនឆាប់ រថយន្ត​និង​ចរាចរណ៍​នឹងត្រូវ​បាន​ជំនួស​ដោយ​ជើងហោះហើរ​ដែលមាន​សុវត្ថិភាព​និង​នាំ​យើង​ទៅ​កន្លែង​ដែល​យើង​ចង់ទៅ​”៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន SkyRyse និយាយថា យន្តហោះ​ដំបូង​របស់ខ្លួន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ទីក្រុង​ត្រេ​ស៊ី រដ្ឋ​កាលីហ្វ័រ​ញ៉ា​នៅ​ខែមករា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ