​ចាប់ពី​ខែកញ្ញា​ទៅ​ការផ្គត់ផ្គង់​ទឹកស្អាត​មាន​បរិមាណ​ត្រឹម​ពាក់កណ្តាល​នៃ​ការផលិត​

1145
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​គម្រោង​សាងសង់​រោងចក្រ​ផលិត​និង​ការស្ថាបនា​បណ្តាញ​បំពង់​ចែកចាយ​ទឹកស្អាត​របស់​ក្រុមហ៊ុន​ម៉ៅការ​សម្រាប់​ជំនួយឥតសំណង​ពី​ប្រទេស​ជប៉ុន​នឹង​បញ្ចប់​នា​ដំណាច់​ខែសីហា​ឆ្នាំ​២០១៨​។

បរិមាណ​ទឹក​ផលិត​ប្រចាំថ្ងៃ​នឹង​លើស​ពាក់កណ្តាល​នៃ​ការផ្គត់ផ្គង់​ជូន​អ្នកប្រើប្រាស់​ដោយសារ​បណ្តា​ញ​ចែកចាយ​តាម​មូលដ្ឋាន​មិនទាន់​គ្រប់​គ្រាប់​។​ផ្តើមចេញពី​ករណី​នះ​រដ្ឋបាល​ខេត្តកំពត​នឹង​រិះរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវ​ការចាំបាច់​។

​លោក​សុខ​គឹម​ជឿន​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​រាយការណ៍​ក្នុង​អង្គប្រជុំ​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨​ថា ក្រោម​ជំនួយឥតសំណង​របស់ JICA ដែលមាន​ទឹកប្រាក់​ប្រហែល​២១​លាន​ដុល្លារ ក្រុមហ៊ុន Sumitomo Mitsui Construction Co, Ltd ដែល​ដេញថ្លៃ​បាន​ក៏​ចាប់ផ្តើម​សាងសង់​រោងចក្រ​បូម និង​ផលិត​ទឹកស្អាត ព្រមទាំង​ស្ថាបនា​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​ការផ្គត់ផ្គង់​នេះ​ចាប់ពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ និង​បញ្ចប់​នា​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​។

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ថា​ពេល​ដំណើរការ​រោងចក្រ​ថ្មី គួបផ្សំ​ជាមួយ​ការផលិត​សព្វថ្ងៃ បរិមាណ​ទឹកស្អាត​នឹង​កើន​រហូតដល់​ជាង​១៣.០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​។ ដោយ​ឡែ ការផ្គត់ផ្គង់​ប្រចាំថ្ងៃ​ត្រឹមតែ​ពាក់កណ្តាល​នៃ​ចំនួន​ជាង​១៣.០០០​ម៉ែត្រត្រីគុណ​នោះ​ប៉ុណ្ណោះ ព្រោះ​បណ្តាញ​ចែកចាយ​មិនទាន់បាន​ទូលំទូលាយ​ដល់​បណ្តា​មូលដ្ឋាន​នានា​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ទឹកស្អាត​ដែល​ផលិត​បាន​ត្រូវ​ចែកចាយ​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស​ដោយ​មិនចាំបាច់​រង់ចាំ​គម្រោង​ណា​ផ្សេងទៀត​ទេ​។ជម្រើស​ដែល​ល្អ លោក​សូម​ជូន​គំនិត​មួយចំនួន​គឺ​មន្ទីរ​អង្គភាព​ជំនាញ​ត្រូវ​ស្វែងរក​លទ្ធភាព​រៀប​ចំគ​ម្រោ​ង​ឱ្យបាន​ច្បាស់លាស់ និង​ចុះ​ត​បណ្តាញទឹក​ទៅកាន់​តំបន់​សំខាន់ៗ​។

​ប្រសិនបើ​ការលើក​គម្រោង​តាម​ខ្សែបណ្តោយ​មាន​ភាពយឺតយ៉ាវ​ក្រោម​ហេតុផល​ថា​ត្រូវធ្វើ​ឆ្នាំនេះ ឬ​ឆ្នាំ​នោះ​ដូច​ទម្លាប់​កន្លងមក​សូម​មន្ទីរ​អង្គភាព​ជំនាញ​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​អំពាវនាវ​រក​អ្នកមាន​លទ្ធភាព​ឱ្យមក​ជាវដុំ​ពី​អង្គភាព​ទឹកស្អាត​ដើម្បី​យកទៅ​ចែកចាយ​បន្ត​គឺ​មិនត្រូវ​រង់ចាំ​គម្រោង​របស់​រដ្ឋាករទឹក​ទេ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ក្នុងករណី​ដែល​ជម្រើស​ទាំងនេះ​មិន​ទទួលបាន​លទ្ធផល​នោះ​រដ្ឋបាលខេត្ត​នឹង​រក​មធ្យោបាយ​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​ប្រើប្រាស់​ស្របតាម​តម្រូវការ​ព្រោះ​ទឹកជា​បញ្ហា​ចាំបាច់​សម្រាប់​ជីវិត​ដោយ​មិនអាច​ព្រងើយកន្តើយ​បានឡើយ​៕S/

​ចាប់ពី​ខែកញ្ញា​ទៅ​ការផ្គត់ផ្គង់​ទឹកស្អាត​មាន​បរិមាណ​ត្រឹម​ពាក់កណ្តាល​នៃ​ការផលិត​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ