ប៉ូលិស​ចាប់ខ្លួន​ជនជាតិ​អាម៉េរិក​កាំ​ង​រំលោភ​កុមារ​ជាច្រើន​នាក់​រត់​មក​លាក់ខ្លួន​នៅ​កម្ពុជា​

1204
ចែករម្លែក
  • 2.6K
    Shares

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ប៉ូលិសអន្តោប្រវេសន៍​បាន​ចាប់ខ្លួន​ជនជាតិ​អាម៉េរិក​កាំ​ង ដែល​បាន​រំលោភ​ផ្លូវ​លើ​កុមារ​ជាច្រើន​នៅ​សហរដ្ឋ​អាម៉េរិក​រួចរ​ត់ម​កពួន​សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​។ ​ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​ខេត្ត​ព្រះសីហនុ​។

ប៉ូលិស​ចាប់ខ្លួន​ជនជាតិ​អាម៉េរិក​កាំ​ង​រំលោភ​កុមារ​ជាច្រើន​នាក់​រត់​មក​លាក់ខ្លួន​នៅ​កម្ពុជា​


​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រាប់​រស្មី​កម្ពុជា​ថា ​ជនជាតិ​អាមេរិក​ដែល​ចាប់ខ្លួន​ឈ្មោះ William David BRENNER​។ ការចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​មានការ​ស្នើ​របស់​ការិយាល័យ​សន្តិសុខ​ភូមិភាគ (RSO) របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។ ហើយ​កម្លាំង​របស់លោក​កំពុងតែ​បញ្ជូនមក​ភ្នំពេញ​។​

​ចំណែក​ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ បាន​នឹង​កំពុងធ្វើការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​បញ្ជូន​ខ្លួន​ជនល្មើស​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ ដើម្បី​ធ្វើការ​កាត់ទោស​។​

​យោងតាម​លិខិត​របស់​ការិយាល័យ​សន្តិ​សុខភូមិ​ភាគ (RSO) របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ផ្ញើជូន​សម្តេច ស ខេង កាលពី​ថ្ងៃទី​២៣ ខែសីហា បាន​ឲ្យ​ដឹងថា ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ បានទទួល​ព័ត៌មាន​ថា ពលរដ្ឋ​អាមេរិកាំង​ឈ្មោះ William David BRENNER មាន​ដីកាចាប់ខ្លួន​ដែលមាន​សុពលភាព ពាក់ព័ន្ធ​បទ​រំលោភបំពាន​ផ្លូវភេទ​ជា​បន្តបន្ទាប់​ទៅលើ​កុមារ​។​

ប៉ូលិស​ចាប់ខ្លួន​ជនជាតិ​អាម៉េរិក​កាំ​ង​រំលោភ​កុមារ​ជាច្រើន​នាក់​រត់​មក​លាក់ខ្លួន​នៅ​កម្ពុជា​

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​លុបចោល​សុពលភាព​លិខិតឆ្លងដែន​របស់​ជនល្មើស​។ ហើយ​ជនល្មើស​កំពុងតែ​រស់នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ដោយសារ​ជនល្មើស គ្មាន​ឯកសារ​ធ្វើដំណើរ​ដែលមាន​សុពលភាព វា​ស្តែង​ឲ្យ​ឃើញថា ឈ្មោះ William David BRENNER កំពុងតែ​រំលោភ​ទៅលើ​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​កម្ពុជា​។​

​ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ​ស្នើសុំ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជួយ​ស្វែងរក និង​ឃាត់ខ្លួន​ជនល្មើស ដោយ​ផ្អែកលើ​ច្បាប់​របស់​ប្រទេស​កម្ពុជា​។ ប្រសិនបើ​ជនល្មើស​បង្ហាញមុខ​នៅ​ស្ថានទូត ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ​នឹង​ជូនដំណឹង​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អំពី​វត្តមាន​ជនល្មើស​ឈ្មោះ William David BRENNER​។ ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ បាន​នឹង​កំពុងធ្វើការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​បញ្ជូន​ខ្លួន​ជនល្មើស​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ ដើម្បី​ធ្វើការ​កាត់ទោស​៕SRN​