បាត់ដំបង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​ពីរ

2133
ចែករម្លែក
  • 199
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​បន្ទាប់ពី​ប្រារព្ធ​ធ្វើ​លើក​ទី​១​នៅ​ខេត្តសៀមរាប​បាន​ជោគជ័យ មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​ពីរ​គ្រោង​នឹងធ្វើ​ម្តងទៀត​នៅ​ខេត្តបាត់ដំបង​ពីថ្ងៃ​ទី​២១​ដល់​២៣ ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​ពីរ​នេះ នឹងមាន​កម្មវិធី​ជាច្រើន​ដូចជា​៖​វេទិកា​ពិភាក្សា​អំពី​អក្សរសិល្ប៍ សិក្ខាសាលា​និពន្ធ​បែប​ច្នៃប្រឌិត កម្មវិធី​អាន​តាម​កន្លែង​ជាក់លាក់ ការតាំងពិព័រណ៍ និង​លក់​សៀវភៅ ការប្រលង​រឿង​ខ្លី និង​កំណាព្យ កម្មវិធី​កង់​ឌុប និង​កំណាព្យ ល្ខោននិយាយ​ជាដើម​។​

​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​ពីរ​នឹង ធ្វើ នៅ​ខេត្តបាត់ដំបង​ពីថ្ងៃ​ទី​២១​ដល់​២៣ ខែកញ្ញា​ឆ្នាំ​២០១៨

​ទាក់ទង​នឹង​កម្មវិធី​នេះ​កាលពី​ល្ងាច​ថ្ងៃ ទី​២៥ ខែសីហា កន្លងទៅនេះ កវីនិពន្ធ​ខ្មែរ​មួយក្រុម បាន​ជួបជុំគ្នា​ធ្វើ​កម្មវិធី​សម្ពោធ​មហោស្រព​ក្រៅផ្លូវការ​មួយ នៅ​ភោជនីយដ្ឋាន ST 63 Bassac ដើម្បី​ផ្តល់​បទ​បង្ហាញ​ខ្លី​មួយ​ស្តីអំពី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​ពីរ​និង កម្មវិធី​លម្អិត​នៅក្នុង​មហោស្រព​ទាំងមូល ការប្រកាស​បើក​មហោស្រព និង​លក្ខខណ្ឌ​នានា​សម្រាប់​ការចូលរួម​។

​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ នឹង​វិល​ត្រឡប់មក​សាជាថ្មី​ម្តងទៀត បន្ទាប់ពី​ទទួលបាន​ជោគជ័យ ពី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើកទីមួយ នៅ​ខេត្តសៀមរាប​កាលពី​ឆ្នាំទៅ​។ មហោស្រព​លើក​ទី​ពីរ​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្តបាត់ដំបង ដែលជា​ខេត្ត​មួយ​សម្បូរ​ទៅដោយ​វប្បធម៌​អរិយធម៌​ដ៏​រុងរឿង​តាំងពី​បុរាណកាល​មក​។ កម្មវិធី​ទាំងមូល នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ នៅ​ទីតាំង​ចម្រុះ​ជាច្រើន​នៃ​ក្រុង​បាត់ដំបង​។​

​លោកស្រី សូ ភី​ណា ដែលជា​ស្ថាបនិក​មហោស្រព​អក្សរសិល្ប៍​ខ្មែរ បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​នេះ​ថា​៖ «​យើង​មាន​មោទនភាព​ណាស់ ដែល​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើកទីមួយ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅ​ខេត្តសៀមរាប​កាលពី​ឆ្នាំទៅ​។ ឆ្នាំនេះ យើង​ប្តូរ​ទៅធ្វើ​នៅ​ខេត្តបាត់ដំបង​វិញ​ម្តង ដើម្បីឱ្យ​អ្នក​នៅ​ទីនោះ​មានឱកាស​ដើម្បី​ចូលរួម​ដែរ​។ ទន្ទឹមនឹងនេះ យើង​ក៏​លើកទឹកចិត្ត​ដល់​កវី អ្នកនិពន្ធ សិស្ស​និស្សិត និង​សាធារណជន​ទូទៅ​ដែល​ស្រឡាញ់​ការអាន និង​វិស័យ​តែង​និពន្ធ បាន​ចូលរួម​ទាំងអស់គ្នា​ដែរ ព្រោះ​យើង​ក៏បាន​រៀបចំ ការធ្វើដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ខេត្តបាត់ដំបង​ដោយ​ឥតគិតថ្លៃ​ផងដែរ​»​។


​លោកស្រី បាន​បន្ថែម​ដោយ​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​ទៀតថា​៖ «​ដើម្បី​ទទួលបាន​ការធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ​នេះ អ្នក​ដែល​ចង់​ចូលរួម ត្រូវ​ចុះឈ្មោះ​តាម​ការណែនាំ​ដែលមាន​បង្ហាញ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក មហោស្រព​អក្សរសិល្ប៍​ខ្មែរ Khmer Literature Festival ឱ្យបាន​រួសរាន់​បំផុត ព្រោះ​ចំនួន​មានកំណត់​»​។
​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​ពីរ ដែលមាន​រយៈពេល​បី​ថ្ងៃនេះ នឹង​នាំយក​នូវ​កម្មវិធី​ពិសេសៗ​ជាច្រើន​ដូចជា​៖ វេទិកា​ពិភាក្សា​អំពី​អក្សរសិល្ប៍ សិក្ខាសាលា​និពន្ធ​បែប​ច្នៃប្រឌិត កម្មវិធី​អាន​តាម​កន្លែង​ជាក់លាក់ ការតាំងពិព័រណ៍ និង​លក់​សៀវភៅ ការប្រលង​រឿង​ខ្លី និង​កំណាព្យ កម្មវិធី​កង់​ឌុប និង​កំណាព្យ ល្ខោននិយាយ​រឿង «​កូ​លាប​ប៉ៃលិន​» ទស្សនកិច្ច​វប្បធម៌ និង​ការសម្តែង​សិល្បៈ​ទស្សនីយភាព​ជាច្រើន​ទៀត​។
​គួររំឭកថា មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​ពីរ បានទទួល​ការគាំទ្រ​ពី​អង្គការ ស្ថាប័ន ដែល​ស្ថិតក្នុង​ខេត្តបាត់ដំបង និង​សហគមន៍​មួយចំនួន​ដូចជា​៖ មន្ទីរ​វប្បធម៌​ខេត្ត អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​, Phare Creative Studio, ឌឹ​ប៊ុ​ក​កាហ្វេ សាលាក្រុង​បាត់ដំបង វត្ត​ដំរី​ស និង​វត្ត​កណ្តាល​ផងដែរ​។ មហោស្រព​ក៏បាន​ទទួល​ការគាំទ្រ​ជា​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, Chayda Logistics, អង្គការ​ស៊ី​ប៉ា សមាគម​អក្សរសិល្ប៍ នូ ហាច អង្គការ​ប៊ិក​កម្ពុជា​, The Coconut House Hotel & Restaurant, សមាគម​អតីត​និស្សិត ASPECA, ក្រុមហ៊ុន ពាណិជ្ជ សូ​លូ​សិន ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Campaint និង​អ្នក​ឧបត្ថម្ភ​ជាច្រើនរូប​ទៀត ដូចជា​៖ លោក វ៉េង សិរីវុឌ្ឍ​, លឹម ប៉េង​ឃុន​, ហ្ច​ច ឈី​ហ្កា​ស​, ហែម គិ​ម​អេង​, សុខ ចាន់​ស៊ីនួន​, និង​សប្បុរសជន​ជាច្រើន​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម