ត្រាំ​៖ មិនចាំបាច់​ធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​ទេ​នៅពេលនេះ តែ​វា​អាច​ចាប់ផ្តើម​ឡើងវិញ​ភ្លាម​និង​ធំ​ជាង​មុន​

992
ចែករម្លែក

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធទី២៩សីហាថា មិនមានហេតុផលត្រូវចំណាយលុយដ៏ច្រើនទៅលើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងទេនៅពេលនេះ តែបានព្រមានថា លោកអាចចាប់ផ្តើមវាឡើងវិញភ្លាម និង”អាចធំជាងមុនឆ្ងាយ”។

ត្រាំបានធ្វើការបញ្ជាក់ដូច្នេះនៅក្នុងការបង្ហោះសារក្នុងបណ្តាញសង្គមរបស់លោក ដោយសំដៅវាយប្រហារចិន ដោយលោកបានបន្ទោសរដ្ឋាភិបាលក្រុងប៉េកាំងថាខ្វះការធ្វើអោយមានវឌ្ឍនភាពអំពីការនាំកូរ៉េខាងជើងអោយបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីលោកបានជួបប្រជុំនិងសន្យាជាមួយមេដឹកនាំកូរ៉េខាងជើងកាលពីខែមិថុនានៅសិង្ហបុរី។

តែវាក៏មានសារល្អខ្លះដែរសំរាប់មេដឹកនាំកូរ៉េខាងជើង ដោយត្រាំបានសរសេរថា” លោកប្រធានាធិបតី ជឿថាទំនាក់ទំនងរបស់លោកជាមួយ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ល្អណាស់និងកក់ក្តៅ ដូច្នេះវាគ្មានហេតុផលអ្វីដែលត្រូវចំណាយលុយដ៏ច្រើនទៅលើសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងនៅពេលនេះឡើយ។ទោះជាយ៉ាងណា លោកប្រធានាធិបតីអាចចាប់ផ្តើមលំហាត់យោធារួមគ្នានេះភ្លាមៗសាជាថ្មី ជាមួយកូរ៉េខាងត្បូងនិងជប៉ុន បើគ្មានជំរើស។បើលោកចាប់ផ្តើមវាឡើងវិញ សមយុទ្ធនោះធំជាងពីមុនឆ្ងាយ”។

សូមបញ្ជាក់ថា លោកត្រាំបានធ្វើអោយមេដឹកនាំយោធាអាមេរិកនិងសម្ពន្ធមិត្តមានការភ្ញាក់ផ្អើលកាលពីខែមិថុនា ពេលលោកប្រកាសផ្អាកសមយុទ្ធជាមួយកូរ៉េខាងត្បូងរហូតដល់”យើងមើលឃើញការចរចានៅពេលអនាគតមិនទៅតាមអ្វីដែលយើងចង់បាន”។លោកបានហៅសមយុទ្ធនេះថា ចំណាយប្រាក់ច្រើននិងបង្ករឿង។

នៅថ្ងៃពុធនេះដែរ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ជីម ម៉ាតទីស នៅតែនិយាយថា “មិនមានការសំរេចចិត្ត”នៅឡើយអំពីការផ្អាកសមយុទ្ធបន្ថែមជាមួយកូរ៉េខាងត្បូង ។ការអះអាងដូច្នេះកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានលើកឡើងថា ការផ្អាកសមយុទ្ធរួមគ្នានេះបានបញ្ចប់។

ម៉ាតទីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា” ក្រសួងការពារជាតិបានផ្អាកសមយុទ្ធយោធាផ្ទាល់ខ្លួនចំនួន៣ដើម្បីផ្តល់ឱកាសអោយអ្នកការទូតរបស់យើងចរចរាអំពីការរំសាយចោលនុយក្លេអ៊ែរដែលត្រូវបានបញ្ជាក់ថាពិតនិងទាំងស្រុងចេញពីឧបទ្វីបកូរ៉េ។ជំហរយោធារបស់យើងមិនផ្លាស់ប្តូរចាប់តាំងពីការបញ្ចប់ជំនួបកំពូលនៅសិង្ហបុរីនិងមិនមានការសំរេចចិត្តនៅឡើយទេអំពីការផ្អាកសមយុទ្ធនាពេលអនាគត”។

តែក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារ លោកម៉ាតទីស បាននិយាយថា ក្រសួងការពារជាតិអាមេរិកមិនមានផែនការបញ្ឈប់សមយុទ្ធនាពេលអនាគតទេ។ទោះជាយ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃពុធ រដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះបានបន្ថែមថា កងកម្លាំងអាមេរិកនិងកូរ៉េខាងត្បូងស្ថិតក្នុងស្ថានភាពប្រុងប្រៀបខ្លួននិងប្រុងប្រយ័ត្នខ្ពស់នៅក្នុងការគាំទ្រកិច្ចខិតខំដឹកនាំដោយការទូតដើម្បីនាំសន្តិភាពនិងស្ថិរភាពមកកាន់ឧបទ្វីបកូរ៉េ៕ដោយ៖វាសនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ