ប្រជាពលរដ្ឋ​ក្រីក្រ​កម្ពុជា ចង់ឱ្យ​គ្រូពេទ្យ​មនុស្សធម៌​មកជួយ​កម្ពុជា​ឱ្យ​កាន់តែច្រើន​

1306
ចែករម្លែក

(​សៀមរាប)​៖ ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​តំបន់​ដាច់ស្រយាល ជាពិសេស​ចាស់ៗ​មាន​ជំងឺ បាន​សម្តែង​នូវ​ការពេញចិត្តនិង​ការគាំទ្រ​ចំពោះ​ក្រុមគ្រូពេទ្យ​នានា​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​មកជួយ​ព្យាបាល​ប្រជាជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។​

​ថ្មីៗ​នេះ​ក្រុមគ្រូពេទ្យ​ចិន​មកពី​ខេត្ត​ហៃ​ណាន បានមក​ពិនិត្យ ព្យាបាលនិង​វះកាត់​ជំងឺភ្នែកឡើងបាយ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ដោយមាន​ប្រជាជន​ប្រមាណ​ជាង​៧០០​នាក់​បានទទួល​ការពិនិត្យ​និង​ប្រមាណ​២០០​នាក់​ទទួល​ការវះកាត់​។​
​ ​
លោកយាយ ម៉ប់ យឿ​ង ៧៦​ឆ្នាំ មកពី​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមគ្រូពេទ្យ​ឯកទេស​ភ្នែក​ប្រទេស​ចិន ដែល​បាន​វះកាត់​ភ្នែក​របស់គាត់​ឱ្យមើល​ឃើញច្បាស់​និង​ជាសះស្បើយ​វិញ​។​ភ្នែក​របស់គាត់​មើលមិនឃើញ​និង​រកាំ​រយៈពេល​២​ឆ្នាំ​ហើយ កុំ​តែ​បាន​គ្រូពេទ្យ​ចិន​ជួយ ភ្នែក​របស់គាត់​ប្រហែលជា​មើលមិនឃើញ​រហូត​។​

​លោកយាយ​បានឱ្យដឹង​ទៀតថា​« ខ្ញុំ​មាន​ជីវភាព​ក្រីក្រ​មិនមាន​លទ្ធភាព​ព្យាបាល​នៅតាម​ពេទ្យ​ឯកជន​ទេ​។​នេះ​ជាការ​ជួយ​អ្នកក្រីក្រ​ពិតប្រាកដ​ព្រោះ​ការវះកាត់​នេះ​មិន​ចំណាយលុយ​កាក់​អ្វី​ទេ ម្យ៉ាងទៀត​ឧបករណ៍​វះកាត់​ទំនើបៗ ពេល​វះកាត់​និង​ក្រោយ​ការវះកាត់​មិនមាន​ការឈឺចាប់​ខ្លាំង​ទេ​»​។​

​លោកយាយ ចង់ឱ្យ​ក្រុមគ្រូពេទ្យ​ភ្នែក​ប្រទេស​ចិន មកជួយ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​ក្រីក្រ មាន​ជំងឺ​ភ្នែក​ជាច្រើន​ទៀត​នៅ​កម្ពុជា​និង​បានចាត់ទុក​សកម្មភាព​នេះ​ជាការ​ធ្វើបុណ្យ​និង​ទង្វើ​មនុស្សធម៌​មួយ​។​

​លោកតា ជា សាវឿន អាយុ​៧៣​ឆ្នាំ មកពី​ខេត្តព្រៃវែង បានឱ្យដឹងថា ភ្នែក​ខាងស្តាំ​របស់គាត់​ស្រវាំង​មើល​មិន​ច្បាស់ ដូច្នេះ​គ្រូពេទ្យ​តម្រូវឱ្យ​វះកាត់​។​ពេទ្យ​ប្រាប់ថា​ក្រោយ​វះកាត់ ភ្នែក​របស់គាត់​នឹង​អាច​មើលឃើញ​ច្បាស់​វិញ​ហើយ​។​

​លោកតា បាន​សម្តែង​នូវ​ក្តី​ត្រេកអរ​យ៉ាងខ្លាំង​ដែល​បានទទួល​ការវះកាត់​ពី​គ្រូពេទ្យ​ជំនាញៗ​របស់​ចិន​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទង្វើ​សប្បុរសធម៌​នេះហើយ​ចង់ឱ្យមាន​ការពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដូច​ច្នេះ​នៅលើ​ក​ក្រោយៗ​ទៀត ដែល​ជួយ​ច្រើន​ទៅដល់​ប្រជាជន​ក្រីក្រ​។​

​ចំណែក លោក យាយ​ឡុង គេ​ន រស់នៅ​ភូមិ​ស្ទឹង ឃុំ​សម្រោង ខេត្តសៀមរាប ក្រោយពី​បាន​វះកាត់​ជំងឺភ្នែកឡើងបាយ​រួច បានឱ្យដឹងថា​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​យកចិត្តទុកដាក់​ខ្លាំង​មុនពេល​ឈានទៅដល់​ការវះកាត់​។​គាត់​អរគុណ​ខ្លាំងណាស់​ដល់​គ្រូពេទ្យ​ចិន និង​កម្ពុជា​ក៏ដូចជា​រដ្ឋាភិបាល​ចិន និង​រាជរដ្ឋាភិបាល​ខ្មែរ ដែល​សហការគ្នា​ជួយ​ពិនិត្យ​ព្យាបាល​សុខភាព​ជូន​ប្រជាជន​ក្រីក្រ​។​

លោកយាយ​ក៏បាន​អំពាវនាវ​ដល់​ក្រុមគ្រូពេទ្យ​ចិន ជួយ​បន្ត​មក​ពិនិត្យ​ព្យាបាល​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្តសៀមរាប​នេះ​ក៏ដូចជា​នៅ​ខេត្ត​ផ្សេងៗ​ទៀត​៕ដោយ៖សុផល

ទីតាំងផ្សាយពាណិជ្ជកម្ម