រដ្ឋាភិបាល​ជួយ​សម្របសម្រួល​អ្នកវិនិយោគ​ឯកជន​លើ​គំរោង​លំនៅដ្ឋាន​តំលៃ​ទាប​

1405
ចែករម្លែក

(​ភ្នំពេញ)៖ រដ្ឋាភិបាល​បាននិងកំពុង​រៀបចំ​គោលនយោបាយ លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគឯកជន ដែល​បាន​វិនិយោគ​លំនៅដ្ឋាន​តំលៃ​មធ្យម និង​តំលៃ​ទាប​តាមរយៈ​ការជួយ​សម្រួល​សេវាកម្ម​ផ្សេងៗ​។​

​លោក​សេង ឡូត​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២៩ កក្កដា​នេះ​ថា រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​សហការគ្នា​ក្នុងការ​រៀបចំ​គោលនយោបាយ​លើកទឹកចិត្ត​វិស័យ​ឯកជន ដែល​បាន​វិនិយោគ​លំនៅដ្ឋាន​ដែលមាន​តំលៃ​ទាប និង​តំលៃ​មធ្យម ទោះជា​យ៉ាងណា​គោលនយោបាយ​នេះ មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​

​លោក​បន្តថា រដ្ឋាភិបាល​មិន​ជួយ​ជា​លុយ​ទេ តែ​ជួយ​ជា​សេវាកម្ម ព្រោះ​ការជួយ​សេវាកម្ម គឺ​ដូចជា​ការជួយ​ជួយ​លុយ​ផងដែរ​។ ក្រៅពីនេះ ក្រសួង​រៀបចំ​ដែនដី ក៏​ជួយ​សម្របសម្រួល​ជាមួយ​ក្រសួង​ពាក់​ព័​ន្ឋ ដូចជា ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ជួយ​ភ្ជាប់​ផ្លូវ ជួយ​ត​បណ្តាញ​អគ្គិសនី និង​បណ្តាញទឹក​ដល់​អ្នកវិនិយោគ​ផងដែរ​។​លោក​បន្តថា ការជួយ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំងនេះ គឺជា​ការជួយ​កាត់បន្ថយ​តំលៃ ដល់​អ្នកវិនិយោគ​ដែល​អាច​ឲ្យ​ពួកគាត់​អាច​លក់​លំនៅដ្ឋាន​តំលៃ​ទាប ដល់​ប្រជាពលរដ្ឋ​និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។​

​លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​ប្រធាន​ក្រុមហ៊ុន​World Bridge Group ដែល​បាន​វិនិយោគ​សាងសង់​គំរោង ដែលមាន​តំលៃ​ទាប​ន​ភាគខាងត្បូង​ក្រុង​តាខ្មៅ​បាន​ថ្លែងថា លោក​មានបំណង​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ លើ​ការសាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា និង​សម្រួល​និតិ​វិធី​ពាក់​ព័​ន្ឋ​ផ្លូវច្បាប់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​តំលៃ​លំនៅដ្ឋាន​ដែល​បាន​សាងសង់​លក់​ជូន​ប្រជាពលរដ្ឋ​មាន​តំលៃ​សមស្រប និង​អាច​ទទួលយកបាន​។​

​លោក​បន្តថា “​ទោះជា​យ៉ាងណា​រហូតមកទល់​ពេលនេះ គំរោង​នេះ​មិនទាន់​បានចេញ​ជា​រូបរាង​នៅឡើយ ហើយ​រហូត​មកទល់ពេលនេះ រដ្ឋាភិបាល​មិនទាន់បាន​ជួយ​លើ​ការងារ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា​នៅឡើយ​ដែរ​”​។​

​លោក​ង៉ែត ពិសិដ្ឋ​ជំនួយការ​អគ្គនាយក​បុរី​ពិភពថ្មី​បាន​ថ្លែងថា ម្ចាស់​គំរោង​បុរី​ពិភពថ្មី​បាន​ទាក់ទង​សុំ​ការសហការ​ជាមួយ​ក្រសួង ដើម្បី​ជួយ​សម្រួល​បញ្ហា​នេះ​ផងដែរ ជាល​ទ្ឋ​ផល​មាន​មន្ត្រី​ជំនាញ​ក្រសួង​ដែនដី​ចុះទៅ​សិក្សា​ផងដែរ ប៉ុន្តែ​រហូតមកទល់​ពេលនេះ មិនទាន់មាន​ការឆ្លើយ​តប​ពី​ថ្នាក់ដឹកនាំ​ក្រសួង​នៅឡើយ​ទេ​៕ដោយ៖ច្រាយចំណាន

រូបភាព​លំនៅដ្ឋាន​តំលៃ​សមរម្យ និង​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​ចូលរួម​បញ្ចុះបឋមសិលា​សាងសង់​កន្លងមក​(​រូបថត​ឯកសារ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម