រដ្ឋមន្ត្រីវប្បធម៌ជួប​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ត្រូវធ្វើ​សមាហរណកម្ម​ជា​មន្ត្រីរាជការ

688
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​ជំនាញ​និង​អចិន្ត្រៃយ៍​ចំនួន​៣៥៥​នាក់ ដែល​ត្រូវធ្វើ​សមាហរណកម្ម​ជា​មន្ត្រីរាជការ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។

​ពិធី​នេះ​រៀបចំឡើង​នៅ​សាលសន្និសីទ​អង្គរ នៃ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​បំណង​ផ្តល់ដំណឹង​អំពី​លក្ខខណ្ឌ​មួយចំនួន ដែល​ត្រូវអនុវត្ត និង​ការទទួលបាន​នូវ​ផលប្រយោជន៍​សាធារណៈ​ជាច្រើន​ផ្សេងទៀត ស្របតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល រាប់បញ្ចូល​ទាំង​ឱកាស​នៃ​បង្កើត​អាជីព​វិជ្ជាជីវៈ ការទទួលបាន​ការផ្តល់​សេចក្តីទុកចិត្ត​តែងតាំង​ឱ្យទទួល​ភារកិច្ច​ថ្មីៗ និង​ការដំឡើង​ប្រាក់​បៀរ​វត្សរ៍​នៅពេល​ក្លាយខ្លួនជា​មន្ត្រីរាជការ​។

​លោកស្រី​ក៏​ក្រើនរំឭក​ដល់​បុគ្គលិក​ទាំងអស់​ថា ក្នុងនាម​ជាម​ន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បំពេញការងារ​អភិរក្ស​លើកស្ទួយ​តម្លៃ​មរតក​វប្បធម៌​ជាតិ គឺជា​ភ័ព្វសំណាង​មួយ ដែល​មនុស្ស​ជាច្រើន​ប៉ងប្រាថ្នា​។ ដូច្នេះ សូមឱ្យ​មន្ត្រី​ទាំងអស់​ត្រូវ​បំពេញការងា​រ ដោយ​យកចិត្តទុកដាក់ មាន​វិន័យ​ត្រឹមត្រូវ​ខ្ជាប់ខ្ជួន ផ្ចិតផ្ចង់​ក្នុង​ការងារ និង​រៀនសូត្រ​ដកស្រង់យក​ប​ទ​ពិសោធន៍​ការងារ​ឱ្យបាន​កាន់តែច្រើន ដើម្បី​ភាព​រីកចម្រើន​នៃ​សមត្ថភាព​របស់ខ្លួន និង​ប្រសិទ្ធភាព​ការងារ ព្រោះថា​មន្ត្រី​ទាំងនេះ គឺជា​សសរទ្រូង​យ៉ាងរឹងមាំ​ក្នុង​កិច្ចការ​អភិរក្ស អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ និង​អាច​ក្លាយជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​នាពេល​អនាគត​៕ ល​