ការសិក្សា ៖ ការកើនឡើង​កម្តៅ​ពិភពលោក​នឹងធ្វើ​ឱ្យ​សត្វល្អិត​ឃ្លាន​ជាង​មុន និង​ស៊ី​ដំណាំ​សំខាន់ៗ​កាន់តែច្រើន​

2347
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការឡើង​កម្តៅ​ផែនដី​មិនល្អ​សម្រាប់​ភពផែនដី​ទេ គឺ​សត្វល្អិត​កាន់តែ​ឃ្លាន​ជាង​មុន​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ សីហា​ថា ការកើនឡើង​សីតុណ្ហភាព​នឹង​ជំរុញ​ចំណង់​អាហារ​របស់​សត្វល្អិត និង​ធ្វើឱ្យ​សត្វល្អិត​ខ្លះ​ងាយ​នឹង​បង្កាត់​ពូជ​យ៉ាង​ឆាប់រហ័ស ដោយ​នាំមក​នូវ​គ្រោះថ្នាក់​ដល់​ដំណាំ​សំខាន់ៗ​ដូចជា ស្រូវ​សាលី ពោត និង​ស្រូវ ដែល​ចិញ្ចឹម​មនុស្ស​រាប់ពាន់​លាន​នាក់​។​

​ហើយដោយ​ហេតុថា​ដំណាំ​ទាំង​៣​នេះ​ទទួលខុសត្រូវ ៤២ ភាគរយ​នៃ​ជាតិ​កាឡូរី​ដែល​មនុស្ស​បរិភោគ​នៅ​ទូទាំង​ពិភពលោក ដូច្នេះ​កង្វះខាត​ណាមួយ​ចំពោះ​ដំណាំ​ទាំង​៣ អាច​នឹង​បង្កើន​អសន្ដិសុខ​ស្បៀង​និង​ជម្លោះ ជាពិសេស​នៅក្នុង​បណ្តា​ប្រទេស​ក្រីក្រ​នៅលើ​ពិភពលោក​។​

​លោក ស្កុ​ត មឺ​រី​ល (Scott Merrill) អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​វើ​ម៉ុ​ន (University of Vermont) និង​ជា​សហ​និពន្ធ​នៃ​ការសិក្សា​ក្នុង​ទស្សនា​វ​ដ្តី Science បាន​និយាយថា “​នៅពេល​អាកាសធាតុ​កាន់តែ​ក្តៅ ការរំលាយ​អាហារ​របស់​សត្វល្អិត​កើនឡើង​។ ហើយ​នៅពេល​ការរំលាយ​អាហារ​របស់​សត្វល្អិត​កើនឡើង សត្វល្អិត​ចង្រៃ​នឹង​ស៊ី​អាហារ​កាន់តែច្រើន ដែល​មិនល្អ​សម្រាប់​ដំណាំ​នោះទេ​”​។​

​ការសិក្សា​ពីមុនៗ បាន​ព្រមាន​រួចមក​ហើយពី​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​អាហារ​សំខាន់ៗ មិន​ថា​តាមរយៈ​កង្វះខាត​ទឹក​សម្រាប់​ប្រព័ន្ធធារាសាស្ត្រ ឬ​ការថយចុះ​ជីវជាតិ​ចិញ្ចឹម​ពី​ស្រូវ​អង្ករ​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម