ថ្ងៃ​៣០​កក្កដា​នេះ វ៉ូ​វី​ណា​ម​១២​រូប ចេញទៅ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ឥណ្ឌា​

1635
ចែករម្លែក
កីឡាករ​-​កីឡាការិនី ជួប​ជាមួយ​ប្រធាន​សហព័ន្ធ (​រូប​៖ រ៉ូ​ហ្សា​)

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០​កក្កដា កីឡាករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម​កម្ពុជា​ចំនួន​១២​រូប នឹង​ចេញដំណើរ​ទៅ​ប្រកួត​ដណ្ដើម​ជើងឯក​ពី​ភព​លោក​លើក​ទី​៥ នៅ​ប្រទេស​ឥណ្ឌា​ហើយ​។​

​នេះ​ជាការ​ចេញទៅ​ប្រកួត​ប្រកបដោយ​ជំនឿ​ចិត្ត​ខ្ពស់ ដោយសារ​ពួកគេ​បាន​ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​វៀតណាម រយៈពេល​កន្លះ​ខែ​ហើយ ទើបតែ​ត្រឡប់មកវិញ​នៅ​ថ្ងៃទី​២៨​កក្កដា​ថ្មីៗ​នេះ​។​

​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ជួយឧបត្ថម្ភ​ប្រាក់​ហោប៉ៅ និង​តម្លៃ​សំបុត្រ​យន្តហោះ សម្រាប់​ធ្វើដំណើរ ដែល​ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ជួយផ្ដល់​សម្លៀកបំពាក់​ចំនួន​២០​សម្រាប់ ដើម្បី​ចេញទៅ​ប្រកួត​នេះ​។ ផ្នែក​ឯកជន​មួយចំនួន​បាន​ជួយឧបត្ថម្ភ​ជា​ដែរ ដូចជា​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា Star Sports បាន​ជួយឧបត្ថម្ភ​ស្បែកជើង​ចំនួន​២០​សម្រាប់ ក្រុមហ៊ុន TN Sports បាន​ជួយឧបត្ថម្ភ​អាវ​កីឡា​ចំនួន​២០ និង​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា Home Sports បាន​ឧបត្ថម្ភ​កាបូប​ដាក់​សម្ភារៈ​កីឡា​ចំនួន​១៦​។​

​លោក​ឧកញ៉ា រ័ត្ន សុខន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ថា លើក​នេះ កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាង​កាលពី​ឆ្នាំ​២០១៥​។ ការប្រកួត​ជើងឯក​ពិភពលោក​កាលពី​ឆ្នាំ​២០១៥ នៅ​ប្រទេស​អាល់​ហ្ស៊េ​រី កម្ពុជា​បញ្ជូន​កីឡា​២​រូប​ទៅ​ចូលរួម​ប្រកួត​ដែល​កាលនោះ​កីឡាករ ទិន ភាព ដែល​គេ​ស្គាល់​ជាទូទៅ​ថា អ្នក​ប្រដាល់​ជើង​ខ្លាំង សែន រ៉ា​ឌី នោះ ដណ្ដើមបាន​មេដាយមាស​ពិភពលោក​។ សម្រាប់​លើក​នេះ កម្ពុ​ជាមាន​សង្ឃឹមថា អ្វីៗ​នឹង​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​កីឡា​ការី​នី ប៉ាល់ ឆរ​ស្មី ដែល​ធ្លាប់​ដណ្ដើមបាន​មេដាយប្រាក់​ចំនួន​៣​គ្រឿង ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក លើក​ទី​៣ មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៦ និង ទី​២៧ និង​មេដាយមាស​ក្នុងការ​ប្រកួត​ក​កីឡា​ឆ្នេរ​ខ្សាច់​នោះ មាន​ជំនឿ​ចិត្ត​ថា នឹងធ្វើ​បានល្អ​ដូច​លើក​មុន​ទៀត​។​

​កីឡាការិនី ពៅ សុខា កីឡាករ លី បូរ៉ា​មី ដែលជា​អ្នក​ធ្លាប់​ដណ្ដើមបាន​មេដាយមាស ក្នុង​ស៊ី​ហ្គេម និង​កីឡា​ឆ្នេរ​ខ្សាច់​នោះ សុទ្ធ​តែមាន​ជំនឿ​ចិត្ត និង​ប្ដេជ្ញា​ដណ្ដើម​មេដាយ​ឲ្យ​បាន​។​

​ចំពោះ​កីឡាករ ទិន ភាព ដែលជា​ម្ចាស់​មេដាយមាស ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​៤ នៅ​ប្រទេស​អាល​ហ្ស៊េ​រី​នោះ បាន​និយាយថា គេ​បាន​ទៅ​ត្រាំ​ពឹ​ស​នៅ​វៀតណាម​មួយរយៈ មិនតែប៉ុណ្ណោះ​គេ​បាន​បង្កើន​ការហ្វឹកហាត់​កាន់តែខ្លាំង ដូច្នេះ​គេ​ជឿថា គេ​នឹង​បានទទួល​លទ្ធផល​ល្អ​។​

​កីឡាករ​ទិន ឌី​ន និង កីឡាការិនី​ចាន់ សីហា ដែល​ទើបតែ​ចេញទៅ​ប្រកួត​ជា​លើកដំបូង​នោះ ក៏​ប្ដេជ្ញា​ថា នឹងធ្វើ​ឲ្យ​បានល្អ​ដែរ​៕ ដោយ​៖ រ៉ូ​ហ្សា​

ទីតាំងផ្សាយពាណិជ្ជកម្ម