លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​ ​ថ្ងៃទី​២៩-៣១ ខែសីហា ឆ្នាំ​២០១៨

951
ចែករម្លែក

ដោយៈ​ក្រសួងការបរទេស​/​ភ្នំពេញៈ​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិ​បត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ពីថ្ងៃ​ទី​២៩ ដល់ ៣១ ខែសីហា ឆ្នាំ​២០១៨ តាម​ការអញ្ជើញ​របស់​ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្ហ​ណាន់ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​។​

នៅ​រសៀល​នេះ​ខ្ញុំ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម លី សៀន ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​សិង្ហ​បុរី(រូបផេកលោកប្រាក់សុខុន)

​ក្នុងអំឡុង​ទស្សនកិច្ច ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម លី សៀន​លុង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ និង​ថ្លែងអំណរគុណ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​នាយករដ្ឋមន្ត្រី លី សៀន​លុង ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​សកល​នៅ​កម្ពុជា​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ពាំនាំ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នូវ​ការអញ្ជើញ​នាយករដ្ឋមន្ត្រី លី សៀន​លុង មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ខាងមុខ​។ នាយករដ្ឋមន្ត្រី លី សៀន​លុង បាន​ទទួលយក​ការអញ្ជើញ​ដោយ​ក្តី​រីករាយ​បំផុត​។​
​នាយករដ្ឋមន្ត្រី លី សៀន​លុង វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ និង​បាន​សម្តែង​នូវ​ការរីករាយ ដោយបាន​ឃើញ​នូវ​ភាពរឹងមាំ​នៃ​សន្តិភាព និង​ការបន្ត​អភិវឌ្ឍ​នៅ​កម្ពុជា​។

រូបថតៈនៅ​រសៀល​នេះ​ខ្ញុំ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម លី សៀន ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​សិង្ហ​បុរី(រូបផេកលោកប្រាក់សុខុន)

នាយករដ្ឋមន្ត្រី លី សៀន​លុង បាន​លើកទឹកចិត្ត​ឲ្យ​ជំរុញ​បន្ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការល្អរ​វាង​ប្រទេស​ទាំងពីរ ដើម្បី​បំរើ​ឲ្យ​ផលប្រយោជន៍​ទៅវិញទៅមក ក៏ដូចជា​ពង្រឹង​ម​ជ្ឈ​ភាព​អាស៊ាន និង​ការកសាង​សហគមន៍​អាស៊ាន​។ នាយករដ្ឋមន្ត្រី លី សៀន​លុង ក៏បាន​ផ្តាំផ្ញើ​នូវ​ការសួរសុខទុក្ខ​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផងដែរ​។

ខ្ញុំ​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្ហ្ស​ណាន់ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​

​ក្នុងជំនួប​ទ្វេភាគី ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្ហ​ណាន់ បាន​កត់សម្គាល់​ដោយ​ការពេញចិត្ត​យ៉ាងខ្លាំង​នូវ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​សិង្ហ​បុរី ជាពិសេស លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែលមាន​កំណើន​កាន់តែ​ច្រើនឡើង​។ ភាគី​ទាំងពីរ​បានបញ្ជាក់​សារជាថ្មី នូវ​ការតាំង​ចិត្ត​ខិតខំ​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​កសាង​នូវ​ទំនាក់​ទំនង​រវាង​ថ្នាក់ដឹកនាំ​និង​ថ្នាក់ដឹកនាំ រវាង​ធុរកិច្ច​និង​ធុរកិច្ច និង រវាង​ប្រជាជន​និង​ប្រជាជន ឲ្យ​កាន់តែខ្លាំង​រឹងមាំ និង​ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ រួមមាន វិស័យ​អាកាសចរណ៍ ទូរគមនាគមន៍ ថាមពល ការងារ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​សិង្ហ​បុរី​ដែល​បន្ត​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ពិសេស​ការកសាង​ធនធានមនុស្ស ដោយ​គ្របដណ្តប់​ផងដែរ​លើ​ការអភិវឌ្ឍ​សមត្ថភាព​ឌីជីថល​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា សិង្ហ​បុរី​នឹង​បង្កើន​ការនាំ​ចូល​នូវ​អង្ករ និង​ផលិតផល​កសិកម្ម​ដ៏ទៃទៀត​ពី​កម្ពុជា ហើយនឹង​ពិចារណា​ឲ្យ​មាន​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ទ្វេភាគី​ស្តីពី​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​។​
​ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្ហ​ណាន់ បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ជ័យជំនះ​នៃ​ការបោះឆ្នោត​សកល​នៅ​កម្ពុជា និង​បាន​សន្យា​គាំទ្រ​បន្ថែមទៀត​នូវ​វឌ្ឍនភាព​ដ៏​ស្វាហាប់ និង​ដំណើរការ​ទំនើបភាវូបនីយកម្មរ​បស់​កម្ពុជា​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​សិង្ហ​បុរី ដែល​បាន​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា និង​បានបញ្ជាក់​សារជាថ្មី​អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​កម្ពុជា ចំពោះ​ភាពជោគជ័យ​របស់​សិង្ហ​បុរី​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​កោតសរសើរ​ផងដែរ​នូវ​គំនិត​ផ្តួចផ្តើម​នានា ក៏ដូចជា​តួនាទី​ដ៏​សកម្ម​របស់​សិង្ហ​បុរី​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ដើម្បី​លើកកម្ពស់​សន្តិភាព សិ្ថ​រ​ភាព និង​ការវិវត្ត​ជា​វិជ្ជមាន​នៅក្នុង​តំបន់​។​

​ជំនួប​ទ្វេភាគី​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ស្និទ្ធស្នាល ដោយ​ត្រង់ៗ ដែល​ឆ្លុះបញ្ចាំង​ពី​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​។​
​ថ្ងៃ​សុក្រ ៥​រោច ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២
​ភ្នំពេញ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ