កងទ័ពជើងទឹក​និង​យន្តហោះ​ចម្បាំង​រុស្ស៊ី​ចាប់ផ្តើម​សមយុទ្ធ​ដ៏​ធំ​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

852
ចែករម្លែក

កងទ័ពជើងទឹកនិងអាកាសរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នានៅក្នុងសមុទ្រមេឌីទែរ៉ាណេចាប់ពីថ្ងៃ០១ដល់៨កញ្ញា។យោងតាមក្រសួងការពារជាតិរុស្ស៊ីលំហាត់យោធានេះមានការចូលរួមពីនាវាចម្បាំង២៦ រួមមាននាវាមុជទឹក២ យន្តហោះដឹកជញ្ជូនយោធានិងយន្តហោះប្រយុទ្ធរបស់កងទ័ពអាកាស។

សមយុទ្ធនេះក៏នឹងមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-160, Tu-142 និងយន្តហោះប្រឆាំងនាវាមុជទឹកIl-38 ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកSu-33 និង Su-30SM ។

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក មីខាអ៊ីល បូកដាណូវ បាននិយាយកាលពីថ្ងៃព្រសហ្បតិ៍ទី៣០សីហាថា សមយុទ្ធនេះមិនពាក់ព័ន្ធនឹងសភាពការណ៍នៅក្នុងប្រទេសស៊ីរី ដែលកងកម្លាំងរដ្ឋាភិបាលត្រៀមវាយយកខេត្តអ៊ីតលីបពីក្រុមឧទ្ទាមដែលគាំទ្រដោយបស្ចិមប្រទេស ដែលជាហេតុនាំអោយមានការចោទប្រកាន់គ្នាទៅវិញទៅមកថាកម្លាំងបដិបក្ខស៊ីរីត្រៀមប្រើអាវុធគីមី ដោយមិនខ្វល់អំពីការប៉ះពាល់លើជនស៊ីវិល។

មុននេះ ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់អាមេរិក អង់គ្លេសនិងបារាំងថាត្រៀមវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្រោមលេសថាកងកម្លាំងរដ្ឋាភិបាលប្រើអាវុធគីមីក្នុងសង្រ្គាមនៅអ៊ីតលីប។

ក្នុងពេលជាមួយគ្នា រដ្ឋមន្រ្តីការបរទេសស៊ីរី បាននិយាយកាលពីថ្ងៃ៣០សីហាថា ក្រុមជំនួយដែលគេហៅថាWhite Helmetsបានចាប់ពង្រត់ក្មេង៤៤នាក់ដើម្បីបង្កើតព្រឹត្តិការណ៍មួយជាមួយនឹងអាវុធគីមីនៅអ៊ីតលីប ហើយទម្លាក់កំហុសលើកងកម្លាំងរដ្ឋាភិបាល។

ទាំងរុស្ស៊ីនិងស៊ីរីបានចោទប្រកាន់ក្រុមនិយមលោកខាងលិចនេះថាបានបង្កើតព្រឹត្តិការណ៍វាយប្រហារដោយអាវុធគីមីកាលពីមុន និងទម្លាក់កំហុសដាក់កម្លាំងរដ្ឋាភិបាលរបស់ប្រធានាធិបតីបាសសា អាល់ អាសាត ដើម្បីជាលេសអោយអាមេរិកនិងបារាំងវាយសំពងលើបណ្តោគោលដៅរបស់រដ្ឋាភិបាលស៊ីរីដើម្បីជាការពិន័យ តែទោះជាយ៉ាងណា ការពិតយ៉ាងណានោះនៅមិនទាន់ច្បាស់លាស់នៅឡើយ៕ដោយ៖វាសនា