ជនជាតិ​ខ្មែរលើ​ព្នង​នៅតែ​រក្សា​ទំនៀមទម្លាប់​រៀបចំ​ពិធីសែនព្រេន​ភូមិ​តាម​ប្រពៃណី​

2711
ចែករម្លែក
  • 113
    Shares

ស្ទឹងត្រែង៖ បងប្អូន​ខ្មែរលើ​ភាគតិច​នៃ​កុលសម្ព័ន្ធ​ព្នង​រស់នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​នូវ តែ​ប្រកាន់ខ្ជាប់​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​របស់ខ្លួន ការរៀបចំ​ពិធីសែនព្រេន​ភូមិ​តាំងពី​ដូនតា រហូតមក​ទល់នឹង​ប​ច្ចុ ប្បន្ន​។​ពិធី​នេះ​គេ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ឬក៏​ម្តងម្កាល​ពេល​គ្រា​មាន​អាសន្ន​អន្តរាយ​ណាមួយ​កើតឡើង​ក្នុងភូមិ​។​

​លោក ដាំ សំណាង អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរលើ​ព្នង រស់នៅ​ឃុំ​ក្បាល​រមាស បាន​ប្រាប់​ឱ្យដឹងថា ទោះបីជា​លោក​គឺជា​កូនចៅ​ជំនាន់​ក្រោយ​ក៍​ពិតមែន​។ ប៉ុន្តែ​បានដឹង​អំពី​រឿង​ខ្លះៗ​ដែរ ទាក់ទង​ទៅនឹង​ពិធីសែនព្រេន​ភូមិ​ជន​ជា តិ​ខ្មែរលើ​ភាគតិច​។​

​លោក ដាំ សំណាង បាន​និយាយថា ពិធី​សែន​ភូមិ​របស់​ខ្មែរលើ​ភាគតិច បានរៀបចំ​ឡើងទៅ​តាម ទម្លាប់​ដូនតា​ជា​យូរលង់​ណាស់​មកហើយ​។ ដូចជា​សែន​ក្នុង​ពិធី​ពេល​ដាំ​ស្រូវចម្ការ ដើម្បី​សុំ​ម្ចាស់​ទឹកដី​។ ក្រោយពី​ប្រមូល​ផល ស្រូវ​ចូលក្នុង​ផ្ទះ​ក៍​គេ​មាន​សែន​ម្តងទៀត​ដែរ​។ រីឯ​ពិធីបុណ្យ​ធំៗ​ផ្សេងទៀត​ដូចជា បុណ្យ​ភ្ជុំបិណ្ឌ ឬក៏​ចូលឆ្នាំ​ជាដើម ក៏មាន​សែន​ដូច​ទម្លាប់​ប្រពៃណី​ខ្មែរ​ទូទៅ​អីចឹង​ដែរ ជាពិសេស​ខ្មែរ​កណ្តាល​។​

​ដោយឡែក​ពេល​មាន​គ្រោះ​ចង្រៃ​កើតឡើង​ធ្វើឱ្យ​សត្វ​ចិញ្ចឹម​ក្នុងភូមិ​ដូចជា គោ ក្របី ជ្រូក មាន់​ទា​ងាប់​យ៉ាងច្រើន​អ្នកភូមិ​ខ្មែរលើ​ព្នង ក៏​រៀបចំ​ពិធី​សែន​ដូចគ្នា ដើម្បី​សុំឱ្យ​មាន​សេចក្តីសុខ​សប្បាយ​កុំ​ឱ្យមាន​គ្រោះកាច​ចង្រៃ​អាក្រក់​កើតឡើង​។​

​លោក សំណាង បាន​និយាយ​ឱ្យដឹងទៀតថា កាលពីពេល​ថ្មីៗ​នេះ អ្នកភូមិ​ខ្មែរ​ដើម​ភាគតិច​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​គ្នា បានមក​ជួបជុំ​ធ្វើ​ពិធីសែនព្រេន​រំលឹក​នឹក​គុណ​ដល់​អ្នកតា​ចាស់​ស្រុក មាន​បារមី​ព្រៃព្រឹក្សា​តាម​ថែរក្សា​ដល់​អ្នកភូមិ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ពេលដែល​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​បិទ​ទឹក​ធ្វើឱ្យ​លិចលង់​ប៉ះពាល់​ផលដំណាំ​ដល់​អ្នកភូមិ​។ អ្នកភូមិ​យល់ឃើញថា គ្រោះអាក្រក់​ចាប់ផ្តើម​កើតមានឡើង​ហើយ​…​។​

​ដូច្នេះ​អ្នកភូមិ​ចាស់ទុំ​ក៏បាន​រៀបចំ​ពិធី​សែន​ភូមិ​មាន​កាប់​ជ្រូក​មាន់​ទា​។ មាន​គ្រឿង​ដ​ង្វា​យ​រៀបចំ ស្លា​ម្លូ ទៀនធូប​ស្រាស​និង​កាប់​ឫស្សី​ធ្វើជា​ធ្នើរ​សម្រាប់​សែន​។ ពិធី​នោះ​ចាស់ទុំ​រៀបចំឡើង​ដើម្បី សុំ​ដល់​ទឹកដី​មេឃ​បារមី​ព្រៃ​ប្រឹក្សា​តាម​ជួយ​ថែរក្សា ដល់​អ្នកភូមិ​កុំឱ្យ​មាន​គ្រោះទឹកជំនន់​កើតឡើង​លិច ដល់​ក្នុងភូមិ​ដោយសារតែ​ការបិទ​ទំនប់​។​

​លោក ដាំ សំណាង បាន​បញ្ជាក់ថា ពិធី​សែន​ភូមិ​បុណ្យ​ធំៗ​អាច​នឹង​ឈានដល់​កាប់​ក្របី​មួយ​ក្បាល​ដើម្បី​សែ ន​។​ការកាប់​ជ្រូក​ក៍​ធំ​ដែរ​យ៉ាងហោចណាស់ ជ្រូក​មាន​ទម្ងន់​ចាប់ពី​៧០​ទៅ​៨០​គីឡូក្រាម​។ ក្រៅពី​ពិធី​សែន​ភូមិ​ក៍មាន ត្រណម​ភូមិ​ហាម​មិនឱ្យ​អ្នក​ទៅ​ពី​ក្រៅ​ចេញចូល​ស្រេច​តែ​អំពើ​ចិត្ត​នោះបានទេ​។​

​ផ្ទុយ​ពីនេះ​បើសិនជា​អ្នកភូមិ​មាន​កើតរឿង​អាក្រក់​ដូចជា មាន​មនុស្ស​ឈឺ​ច្រើន ត្រូវ​ត្រណម​ហាម មិនឱ្យ​មនុ ស្ស​ពី​ខាងក្រៅ​ចូលទៅ​ក្នុងភូមិ​។ បើ​នៅតែមាន​អ្នក​មិន​ជឿ​ចូលទៅ​ក្នុងភូមិ​អាច​នឹង​ខុស​ត្រណម គេ​នឹង​ផាក​ជា​គោ​ក្រ បី​ឬ​ជ្រូក​មាន់​ទា​ពី​អ្នកនោះ​។​ពេលនោះ​អ្នកភូមិ​ត្រូវតែ​រៀបចំ​ពិធី​សែន​លំឱនចិត្ត​ដល់​អ្នកតា​បារមី​ខ្មោច​ព្រាយ​បិសាច​កុំឱ្យ​មានរឿង​អាក្រក់​កើតឡើង​ឱ្យមក​ជាធម្មតា​វិញ​។​

​ក៏ប៉ុន្តែ​ត្រណម​ក្នុងភូមិ​បច្ចុប្បន្ន​ពេលខ្លះ គេ​មិនអាច​ហាមឃាត់​មនុស្ស​ទៅ​ពី​ក្រៅ​បានឡើយ​។ តែ​អ្នកភូមិ​អាច​រៀបចំ​ពិធីសែនព្រេន​ដោយ​ខ្លួនឯង​។​

​សម្រាប់​លោក ដាំ សំណាង គឺជា​អ្នកជំនាន់ក្រោយ​បាន​បញ្ជាក់ថា ពេល​ក្រុមគ្រួសារ​មាន​ជំងឺ​កើតឡើង ទោះបីជា​យក​មនុស្ស​ទៅដល់​មន្ទីរពេទ្យ ក៏​នៅតែមាន​ប្រាប់​លា​មាត់ លាក​ដល់​បារមី​អ្នកតា​ព្រៃភ្នំ ខ្មោច​ព្រាយ​បិសាច​ដដែល​។ លោក​បន្តថា នេះ​គឺជា​មូល​ហេតុដែល​អ្នកភូមិ​បាន​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ប្រពៃណី​តាំងពី​ដូនតា​តរៀងមក​។ មនុស្ស​ក្នុងភូមិ​ទាំងអស់ មាន​ជំនឿ​បែបនេះហើយ ទើប​គេ​មិនអាច​ចាកចេញ​ពី​ភូមិ​ចាស់ ទៅ​រស់នៅ​កន្លែង​ថ្មី បានទេ​ទោះបីជា​ទឹក​ទំនប់​លិច​ភូមិ​ដោយសារ​ការបិទ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​យ៉ាងណា​ក៍ដោយ​។​អ្នកភូមិ គេ​រស់នៅ​កន្លែង​ណា​គឺ​ត្រូវតែ​រស់​បន្តទៅទៀត​មិនអាច​ចាកចេញ​ពី​កន្លែង​កំណើត​ធ្លាប់​រស់នៅ​បានទេ​។​

​អ្នកភូមិ​នឹង​សន្យាថា មិនអាច​ចាកចេញ​ពី​ភូមិ​ចាស់​ជាដាច់ខាត ពីព្រោះថា​កន្លែង​ទឹកដី​ដូនតា​ច្រើន​ជំនាន់​មក ហើយ​បាន​ផ្តល់ឱ្យមាន​អ្វីៗ រហូតមក​ទល់នឹង​សព្វថ្ងៃនេះ​។ អ្នកភូមិ​ជនជាតិខ្មែរ​ដើម​ភាគតិច នៃ​កុលសម្ព័ន្ធ​ព្នង ទាំង អស់​មិនអាច​ចាកចេញ​ពី​កន្លែង​កំណើត​បានឡើយ​។​

​លោក ហូ សំអុល ប្រធាន​សម្របសម្រួល សមាគម​អាដហុក ខេត្តស្ទឹងត្រែង បាន​លើកឡើងថា បើតាម​ការមើលឃើញ​ជាក់ស្តែង​របស់លោក​ពលរដ្ឋ​ខ្មែរលើ​ភាគតិច​ព្នង នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន មាន​ចំនួន​៥៨​គ្រួសា រ ពុំ​ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ហើយ​ចាក​ចេញពី​ភូមិ​ចាស់​នោះទេ​។ អ្នកភូមិ​នៅតែ​ប្រឆាំង​មិន​ព្រម​ចាកចេញ​ជាដាច់ខាត​។​

​ទាក់ទង​ទៅនឹង​បញ្ហា​នេះ ពលរដ្ឋ​គិតថា ភូមិ​ចាស់​គឺជា​ស្រុកកំណើត​របស់​ពួកគាត់​។ ពួកគាត់​គិតថា កន្លែង​ទៅ​រស់នៅ​ថ្មី​បង្ក​ការលំបាក​ច្រើន​ក្នុង​ជីវភាព និង​ធ្វើឱ្យ​បាត់បង់​មុខរបរ​។ ម្យ៉ាងទៀត​ការរៀបចំ​កន្លែង​ថ្មី នៅ​មិនទាន់​បានល្អ​គួរឱ្យ​ទុកចិត្ត​។ សំណង​ដែល​ផ្តល់ឱ្យ​ពួកគាត់​គិតថា វា​មិន​សមរម្យ​នេះ គឺជា​មូលហេតុ​អ្នកភូមិ​មិន​ព្រម​ចាកចេញ​។​

​លោក សំអុល បាន​និយាយថា ទោះបីជា​ទឹក​លិច​ភូមិ ក៏​អ្នកភូមិ​នៅតែ​បន្ត​រស់​នៅលើ​ភូមិ​ចាស់​ដដែល​ហើយ ត្រៀមលក្ខណៈ​ដោយ​ខ្លួនឯង​មានដូចជា​ទូក និង​បានរៀបចំ​ទីទួល​សុវត្ថិភាព​។ ប៉ុន្តែ​លោក​សង្កេតឃើញថា អាជ្ញាធរ​បាន​ខិតខំ​រក​ដំណោះស្រាយ​ពី​រឿងនេះ មាន​លក្ខណៈ​ល្អប្រសើរ​ទៅតាម​គោល​ការអភិវឌ្ឍន៍ សម្រាប់​មនុស្ស​ជាច្រើន​ផងដែរ​។​

​លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង ធ្លាប់បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ប្រមាណ​ជាង​៨០​ភាគរយ បាន​យល់ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន ហើយ​បាន​ចេញពី​ភូមិ​ចាស់​ទៅ​រស់នៅ​ភូមិ​អភិវឌ្ឍន៍​បង្កើត​ថ្មី​។ មានតែ​ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ ដែល​ពុំទាន់​យល់ព្រម​ចាក​ចេញពី​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​។ នៅក្នុង​ចំណោម ពលរដ្ឋ​ពុំទាន់​ព្រម​ចាកចេញ ក៏បាន​ចេញពី​ភូមិ​ដោយ​ខ្លួនឯង ពេល​ឃើញ​ទឹកទន្លេ​លិច ភូមិ​ក្រោយពី​បិទ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​។​

​គួរ​បញ្ជាក់ថា ក្រោយពី​ទំនប់​វា​រី​អគ្គិសនី​បាន​បិទទ្វារ​ទឹក​សាកល្បង​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ មក​អាជ្ញាធរ​បានដាក់​កម្លាំង​ចម្រុះ នៅតាម​គោលដៅ​សំខាន់ៗ ដើម្បី​ត្រៀម​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​នោះ​។ រឿងនេះ​អាជ្ញាធរ​នៅតែ បន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ និង​ព្យាយាម​សម្របសម្រួល​ដើម្បី សុំឱ្យ​ពលរដ្ឋ​ចាក​ចេញពី​ភូមិ​ទាំងអស់​។ ចំពោះ​ការដោះស្រាយ​ផលប៉ះពាល់​គណៈកម្មការ​បានរៀបចំ​ដី និង​ផ្ទះ​សម្រាប់​ជូន​ដល់​ពួកគាត់​រួចជាស្រេច​ហើយ​។ ផែនការ​នឹង​ធ្វើជា​បន្តបន្ទាប់​ទៀត​៕ ដោយ​៖ សុខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម