អ្នកទោស​៤០០​នាក់​រត់គេចខ្លួន​ចេញពី​ពន្ធនាគារ ខណៈ​ការប៉ះទង្គិច​គ្នា​ផ្ទុះឡើង​នៅ​ជិត​ក្រុង​ទ្រី​ប៉ូ​លី​ប្រទេស​លី​ប៊ី​

2999
ចែករម្លែក

មន្ត្រីតុលាការម្នាក់បាននិយាយថា អ្នកទោសប្រហែល៤០០នាក់រត់គេចខ្លួនចេញពីពន្ធនាគារមួយនៅក្រុងទ្រីប៉ូលី ប្រទេសលីប៊ីកាលពីថ្ងៃអាទិត្យ ខណៈដែលការប្រយុទ្ធគ្នាខ្លាំងរវាងក្រុមប្រដាប់អាវុធប្រជែងគ្នា បានកើតឡើងនៅក្បែរនោះ ស្របពេលដែលអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីប្រយុទ្ធគ្នាទាំងនោះ ធ្វើជំនួបចរចា នៅថ្ងៃអង្គារ ។

មន្ត្រីតុលាការ បាននិយាយថាពួកអ្នកទោសបានបង្ខំបើកទ្វារពន្ធនាគារ Ain Zaraនេះហើយពួកអ្នកយាមមិនអាចបញ្ឈប់ពួកគេបានទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីសដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

គុកនេះ ស្ថិតនៅក្រុងទ្រីប៉ូលី ភាគខាងត្បូង ជាតំបន់មួយ ដែលមានការវាយប្រយុទ្ធគ្នាខ្លាំងរវាងក្រុមប្រដាប់អាវុធប្រជែងគ្នា អស់រយៈពេលមួយសប្តាហ៍។

លីប៊ីបានធ្លាក់ក្នុងភាពវឹកវរចាប់តាំងពីមានសង្រ្គាមស៊ីវិលនៅឆ្នាំ២០១១ បណ្តាលមកពីការផ្តួលរំលំមេដឹកនាំមូអាម៉ា ហ្កាដាហ្វ៊ី។ប៉ែកខាងកើតប្រទេសកំពុងគ្រប់គ្រងដោយក្រុម House of Representatives ដែលមានទីស្នាក់ការនៅក្រុងតូប្រ៊ុក ចំណែករដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិដឹកនាំដោយនាយករដ្ឋមន្រ្តី ហ្វាយេហ្ស៍សារ៉ាច គ្រប់គ្រងភាគខាងលិចនិងមានទីស្នាក់ការនៅក្រុងទ្រីប៉ូលី។

ក្នុងពេលជាមួយគ្នា អគ្គលេខាងអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរិ៍បានថ្កោលទោសជម្លោះជាបន្តនៅក្នុងនិងនៅជិតទីក្រុងទ្រីប៉ូលី ដោយសារការបាញ់ផ្លោងមិនរើសគោលដៅដែលបានសម្លាប់និងបង្ករបួសដល់ជនស៊ីវិល រួមទាំងក្មេងៗ។

អង្គការDoctors Without Borders (MSF) បាននិយាយថា ជនភៀសខ្លួននិងអ្នកស្វះសវែងរកការជ្រកកោនប្រមាណ៨០០០នាក់នៅជាប់ក្នុងជំរំឃុំឃាំងជាមួយនឹងស្ថានភាពមនុស្សធម៌ដ៏អាក្រក់ ក្រោយមានការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនៅទ្រីប៉ូលី៕ដោយ:សុខា/វាសនា

ការប៉ះទង្គិចគ្នានៅជិតក្រុងទ្រីប៉ូលីនិងការបាញ់ផ្លោងចូលក្រុងនាំអោយបិទអាកាសយានដ្ឋានអន្តរជាតិតែមួយគត់របស់ទីក្រុង

ភាគច្រើននៃពួកអ្នកទោសនៅគុកAin Zaraនេះត្រូវបានកាត់ទោសឱ្យជាប់គុកពីបទ ប្រព្រឹត្តអំពើឧក្រិដ្ឋ ហើយភាគច្រើននៃពួកគេ ជាអ្នកគាំទ្ររបស់អតីតមេដឹកនាំលីប៊ី មូអាម៉ា ហ្កាដាហ្វ៊ី