ឧបករណ៍​ដាំ​គ្រាប់ស្រូវ​របស់​កម្ពុ​ជាទ​ទួលបាន​ពានរង្វាន់​កំពូល​របស់​អាម៉េរិក​

1787
ចែករម្លែក

ដោយ : មុន្នីរ័ត្ន / ភ្នំពេញ : សហគ្រាស​សង្គម កសិកម្ម​ឈ្លាសវៃ​នៅ​ប្រទេស​កម្ពុជា បានទទួល​ពានរង្វាន់​កំពូល​របស់​រដ្ឋាភិបាល​អាម៉េរិក ដែលមាន​ឈ្មោះថា ប៉ាតង់​សម្រាប់​មនុស្សជាតិ (Patents for Humanity) សម្រាប់​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ឈ្មោះ អ៊ី​ឡាយ​។ អ៊ី​ឡាយ គឺជា​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ដែល​ជួយ​ដល់​កសិករ​កាត់បន្ថយ​គ្រាប់ពូជ ជួយ​បង្កើន​ទិន្នផល និង​កាត់បន្ថយ​កម្លាំង​ពលកម្ម​។

នេះ​ជា​ពានរង្វាន់​កិត្តិយស​កំពូល​របស់​កា​រិ​យា​ល័យ​ប៉ាតង់​(​ប្រកាសនីយបត្រ​តក្កក​ម្ម​) និង​ស្លាក​សញ្ញា​របស់​សហរដ្ឋ​អាមេរិក ហើយ​ដែល​ពានរង្វាន់​នេះ​នឹងត្រូវ​ផ្តល់ជូន​អ្នក​កែច្នៃ​ណា​ដែល​បាន​ប្រើប្រាស់ បច្ចេកវិទ្យា​ប្រកប ដោយ​ភាព​ច្នៃប្រឌិត​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​មនុស្សជាតិ​។ កសិកម្ម​ឈ្លាសវៃ រួម​ជាមួយនឹង​បេក្ខភាព​ចំនួន​ប្រាំបី​ផ្សេងទៀត (​ដែល​ត្រូវបាន​ជ្រើស​ចេញពី​ស្ថាប័ន​ធំៗ ចំនួន​៦៩ មកពី​ជុំវិញ​ពិភពលោក​) នឹងត្រូវ​ទៅ​ទទួល​រង្វាន់​នេះ​នៅ​សហរដ្ឋអាមេរិក​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ឧបករណ៍​ដាំ​គ្រាប់ស្រូវ អ៊ី​ឡាយ​នេះ ត្រូវបាន​ភ្ជាប់​ជាមួយនឹង​គោយន្ត​ដៃ​នៅពេល​ដាំ​។ ឧបករណ៍​នេះ​ប្រើកម្លាំង​ខ្យល់ ​ដោយ​រុញ​គ្រាប់​ពូជស្រូវ​ចូលទៅក្នុង​ដីស្រែ​ដែលមាន​ទឹក​។ អ៊ី​ឡាយ ជួយ​កសិករ​ក្នុងការ​កាត់បន្ថយ​គ្រាប់​ពូជស្រូវ ដោយ​ប្រើ​ក្នុង​ចន្លោះ​ពី​៣០​ទៅ​១០០​គីឡូក្រាម​តែប៉ុណ្ណោះ​ក្នុង​មួយ​ហិច​តា ខណៈ​តាម​ទម្លាប់​កសិករ​ប្រើ​គ្រាប់ពូជ​ស្រូវ​ពី ២០០ ទៅ ៣៥០​គីឡូក្រាម​ក្នុង​មួយ​ហិច​តា​។ ឧបករណ៍​អ៊ី​ឡាយ ក៏​អាចជួយ​បង្កើន​ទិន្នផល​រហូតដល់​២០​ភាគរយ ហើយ​ឧបករណ៍​នេះ​ក៏​អាចជួយ​កាត់បន្ថយ​ការចំណាយ​លើ​ជី និង​ថ្នាំ​កសិកម្ម​ផងដែរ​។

ដំណាំ​ស្រូវ​ដាំ​ដោយ​ប្រើ​ឧបករណ៍​អ៊ី​ឡាយ​ដុះ​ចេញ​ជា​ជួរ អាច​ស្រូបយក​ពន្លឺព្រះអាទិត្យ​បាន​ច្រើន និង​មាន​ខ្យល់​ចេញចូល​បានល្អ ដែល​អាចជួយ​ក្នុងការ​កាត់បន្ថយ​បញ្ហា​ជម្ងឺ និង​កត្តាចង្រៃ​ផ្សេងៗ​បាន​ផងដែរ​។ លើសពីនេះ អ៊ី​ឡាយ​ក៏​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​ការងារ​កសិកម្ម ដោយ​ប្រើពេល​តែ​៤៥​នាទី​ប៉ុណ្ណោះ​ក្នុង​ផ្ទៃដី​ស្រែ​មួយ​ហិច​តា រីឯ​ការ​ព្រួស​ដោយ​ដៃ​កសិករ​ប្រើពេល​ប្រហែល​ពីរ​ម៉ោង និង​ចំណាយពេល​រាប់​សប្តាហ៍​បើ​ស្ទូង​ដោយ​ដៃ​។​

លោក សាន ប៊ុន​នី​កា នាយក​គ្រប់គ្រង​កសិកម្ម​ឈ្លាសវៃ ដែល​បាន​ស្រាវជ្រាវ និង​ដឹកនាំ​ក្រុមការងារ​ផលិត​ឧបករណ៍​អ៊ី​ឡាយ បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ពេល​បានដឹងថា​ឧបករណ៍​អ៊ី​ឡាយ​នេះ​ទទួលបាន​ពានរង្វាន់​ប្រកបដោយ​កិត្យានុភាព​នេះ ហើយ​ពេលខ្លះ​ខ្ញុំ​សឹងតែ​មិន​ជឿថា​ការទទួល​ពានរង្វាន់​នេះ​វា​ជា​រឿង​ពិត​»​។ ក្នុងនាម​ជា​កសិករ​មួយរូប​ផងដែរ លោក សាន ប៊ុន​នី​កា បាន​មានប្រសាសន៍ថា ការស្វែង​រក​កម្លាំង​ពលកម្ម​ក្នុង​ការងារ​កសិកម្ម គឺជា​ការលំបាក​មួយ រួមជាមួយ​នឹង​តម្លៃ​ឈ្នួល​កាន់តែ​ថ្លៃ​ឡើងៗ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ លោក ក៏បាន​បន្ថែមទៀតថា​៖ «​នេះ​ជា​ភស្តុតាង​មួយ​បង្ហាញថា យើង​ជា​ខ្មែរ​ក៏​អាចធ្វើ​អ្វីៗ​បានដែរ ឲ្យ​តែមាន​ឳ​កាស និង​ធនធាន​។ ដូច្នេះ ពានរង្វាន់​នេះ គឺជា​សិ​មិ​ទ្ឋិ​ផល​មួយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​»​។​

​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កម្ម​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា កា​វ៉ា​ក់ (CAVAC) បាននិងកំពុង​ជួយ​ដល់​កសិកម្ម​ឈ្លាសវៃ​ ដើម្បី​ផលិតនិង​ផ្សព្វផ្សាយ​ឧបករណ៍​អ៊ី​ឡាយ​នេះ​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខំប្រឹងប្រែង​ដ៏​ធំធេង​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​ជួយ​វិស័យ​កសិកម្ម​ប្រកបដោយ ភាព​ច្នៃប្រឌិត ផលិតភាព និង​ភាព​ធន់​នឹង​អាកាសធាតុ នៅក្នុង​ប្រទេស​កម្ពុជា​។​

​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ អន្តរជាតិ ដែល​ហៅ​កាត់​ថា អ៊ី​រី (IRRI) នៅ​ប្រទេស​ហ្វី​លី​ពិន ក៏បាន​និង​កំពុងធ្វើកា​រសាក​ល្បង​និង​បង្ហាញ​ពី​ឧបករណ៍​អ៊ី​ឡាយ នៅក្នុង​កន្លែង​ប្រមូលផ្តុំ​បច្ចេកវិទ្យា​របស់ខ្លួន​នៅក្នុង​ប្រទេស​ហ្វី​លី​ពិន​។ អ៊ី​រី សង្ឃឹមថា ឧបករណ៍​អ៊ី​ឡាយ​នេះ នឹង​ទទួលបាន​ការចាប់អារម្មណ៍​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។​

​សហគ្រាស​សង្គម កសិកម្ម​ឈ្លាសវៃ ជា​ផ្នែក​មួយ​របស់ Brooklyn Bridge to Cambodia (BB2C) ប្តេជ្ញា​ស្វែងរក​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត សម្រាប់​ជួយ​ដល់​កសិករ​នៅក្នុង​ប្រទេស​កម្ពុជា​។ កសិកម្ម​ឈ្លាសវៃ​លក់​ឧបករណ៍​កសិកម្ម​ផ្សេងៗ​ទៀត ដែល​ត្រូវ​បានរៀបចំ រចនា និង​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា រួមមាន ស្នប់​បូមទឹក ប្រព័ន្ធ​ស្រោចស្រព និង​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជាដើម​ ៕B

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ