​រដ្ឋសភា​នីតិកាល​ទី​៦​បើក​សម័យប្រជុំ​ដំបូង​នៅ​ព្រឹក​នេះ​

2058
ចែករម្លែក
  • 167
    Shares

ដោយៈ តារា​រិ​ទ្ធ​/​ភ្នំពេញៈ​រដ្ឋសភា​នីតិកាល​ទី​៦​ដែល​ប្រសូត​ចេញពី​កាល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​កន្លងទៅនេះ​នឹង​ប្រារព្ធ​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​នៅ​​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​នា​វិមាន​រដ្ឋសភា​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​យោងតាម​ព្រះរាជ​កម្មវិធី​ចេញ​ដោយ​ព្រះបរមរាជវាំង​បង្ហាញថា នៅ​ម៉ោង ៧: ៣០ ព្រឹក​ថ្ងៃទី ៥ ខែកញ្ញា​បេក្ខជន​ជាប់ឆ្នោត​ជា​តំ ណា​ង​រាស្ត្រ​នីតិកាល​ទី​៦ អញ្ជើញ​ដល់ ។​បន្ទាប់មក​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ​អញ្ជើញ​ដល់​, សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​ដល់ ។ រហូតដល់​ម៉ោង ៨ :៣០ ទើប​ព្រះករុណា​ព្រះ មហាក្សត្រ​យាង​ដល់​វិមាន​រដ្ឋសភា​ហើយ​នារី​ថ្វាយ​ផ្កា ថ្នាក់ដឹកនាំ​ជាតិ​ជាន់ខ្ពស់ ថ្វាយព្រះពរ​ស្វាគមន៍ និង​កងកិត្តិយស ត្រែទ័ព​ថ្វាយ​ព្រះរាជ វ​ន្ទ​ន​កិច្ច​។ បន្ទាប់មក​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​ថ្វាយ​គ្រឿង​សក្ការបូជា​ព្រះ​បរម​រូប​ព្រះ បាទ​ជ័យ​វរ្ម័នទី​៧ និង​ព្រះ​ពុទ្ធរូប នៅ​ខាងក្នុង​វិមាន​រដ្ឋសភា មុនពេល​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច យាង​គង់ប្រថាប់​លើ​ព្រះទីនាំង​កៅអី នៅ​ខាងក្នុង​សាលប្រជុំ​វិមាន​រដ្ឋសភា​។​

​ ​ព្រះរាជ​កម្មវិធី​បង្ហាញ​ថា នៅពេល​ចាប់ផ្តើម​កម្មវិធី​ដំបូង​គឺ​គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ( ប្រគំ​ដោយ​ក្រុម​ភ្លេង​ត្រែទ័ព ) បន្ទាប់មក​សម្តេច​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា​សូម​ព្រះ​បរម​រាជានុញ្ញាត​យាង​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ប្រោស​ព្រះរាជទាន​ព្រះរាជ​សុន្ទរកថា​ទៅកាន់​សម័យប្រជុំ​ដំបូង រដ្ឋសភា​នីតិកាល​ទី​៦ ។ គោរព​ទង់ជាតិ បិទ​កម្មវិធី ( ប្រគំ​ដោយ​ក្រុម​ភ្លេង​ត្រែទ័ព )​។ បន្ទាប់មក​ព្រះករុណា​ស្តេចយាង​គង់ប្រថាប់​នៅក្នុង​បន្ទប់​រង់ចាំ ( ប្រមាណ ១៥​នាទី )​។ បន្ត​មក​ព្រះករុណា ប្រោស​ព្រះរាជទាន​ការថតរូប​អនុស្សាវរីយ៍ ជាមួយ​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​នៅខាងមុខ​ក្លោងទ្វារ​វិមាន​រដ្ឋសភា​រួច​ស្តេចយាង​និវត្ត ទៅ​ព្រះបរមរាជវាំង ។​
​ ​
​ ​នៅក្នុង​ពិធី​នោះគេ​ក៏​សង្កេតឃើញ​វត្ត​មាននៃ​បណ្តា​អង្គទូត​នៃ​ប្រទេស​នានា​ប្រចាំ​នៅ​កម្ពុជា​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​លើកលែង​តែ​ឯកអគ្គរដ្ឋទូត​អាមេរិក ដែល​ត្រូវបាន​បញ្ជាក់ថា​ជាប់​បេសកកម្ម​នៅក្រៅ​ប្រទេស ។​
​ ​
​ ​ដោយឡែក​រដ្ឋសភា​វិញ​ក៏បាន​ផ្សព្វផ្សាយ​នូវ​កម្មវិធី​សម័យប្រជុំ​ដំបូង​និង​សម័យ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦​នៅ​វិមាន​រដ្ឋសភា នា​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍ ទី​៥-៦ ខែកញ្ញា​។​គឺ​ក្រោយពី​ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​យាង​និវត្ត​ទៅកាន់​ព្រះបរមរាជវាំង​វិញ រដ្ឋសភា​ចាប់ ផ្តើម​សម័យប្រជុំ​លើក​ទី​១​ដោយ​ក្នុងនោះ​ចាប់​ផ្តើមដំបូង លោក ឡេង ប៉េងឡុង ប្រកា​សហេតុ ។ បន្ទាប់មក​សម្តេច​ចក្រី ហេង សំរិន ព្រឹទ្ធ សមាជិក​រដ្ឋសភា​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ ដោយមាន​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ចំនួន​ប្រាំ​រូប ដែលមាន​អាយុ​តិច ជាងគេ ជា​លេខាធិការ ដើម្បី​ជួយ​ការងារ​ព្រឹទ្ធសមាជិក​រដ្ឋសភា​។​

​ ​តាម​កម្មវិធី​របស់រ​ដ្ឋ​សភា​មាន​របៀបវារៈ​ចំនួន​ពីរ ដែល​រដ្ឋសភា ប្រជុំ​លើក​ទី​១​ក្រោម​អធិបតីភាព​ព្រឹទ្ធសមាជិក​រដ្ឋសភា​រួមមានៈ ក​-​ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ខ​-​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា នីតិកាល​ទី​៦​។​

​ ​ដោយឡែក​នៅ​រសៀល​ថ្ងៃទី​៥ ខែកញ្ញា រដ្ឋសភា ម៉ោង ២:៣០ រសៀល តំណាងរាស្ត្រ ទាំង​១២៥​រូប​អញ្ជើញ​មកជួបជុំ​គ្នា​នៅ​វិមាន រដ្ឋសភា ប្រើ​រថយន្ត​រួមគ្នា ដែល​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​រៀបចំ​ជូន​ធ្វើដំណើរ​ទៅ​ព្រះបរមរាជវាំង ធ្វើ​សច្ចាប្រណិធាន ( លើកលែង​សម្តេច ឯកឧត្តម លោកជំទាវ មួយចំនួន ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន )​។​

​ ​ចំណែក​នៅ​ថ្ងៃទី​៦ ខែកញ្ញា​រដ្ឋសភា​បានប្រកាស​ពី​កម្មវិធី​នៃ​សម័យប្រជុំ​លើក​ទី​១ បន្ត​ដោយ​អង្គប្រជុំ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៨​ព្រឹក ក្រោម​អធិបតីភាព​សម្តេច​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា​និង​មាន​លេខាធិការ​ប្រាំ​រូប ជួយ​ការងារ​ព្រឹទ្ធសមាជិក​រដ្ឋសភា​។​ក្រោយមក ចាប់ផ្តើម​របៀបវារៈ​កា​របោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន នៃ​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា​និង ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល ។ តម​ក​ភារកិច្ច​របស់​សម្តេច​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា និង​លេខាធិការ ៥​រូប​ត្រូវបាន បញ្ចប់​។​

​ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញ​អនុប្រធាន​ទី​១ អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​មកកាន់​អាសនៈ​។ សម្តេច ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្លែង​អំណរ​ព្រះ​គុណ និង អរគុណ ក្នុងឱកាស​ទទួល​តំណែង​ជា​ប្រធានរដ្ឋសភា នីតិកាល​ទី​៦​។ ក្រោយមក ប្រធានរដ្ឋសភា អញ្ជើញសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានមតិ​ក្នុងឱកាស​ទទួល តំណែង​ជា​នាយករដ្ឋមន្ត្រី​។​

​ ​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែសីហា លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​បានចេញ​សេចក្តីជូនដំណឹង​ជម្រាប ដល់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី ៦ ចំនួន ១២៥ រូប ថា​ពិធី​ធ្វើ​សច្ចាប្រណិធាន នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​៥ ខែកញ្ញា វេលា​ម៉ោង ៤​រសៀល លើ​ព្រះទីនាំង​ទេវាវិនិច្ឆ័យ​ក្នុង​ព្រះបរមរាជវាំង​។​អ្នកតំណាងរាស្ត្រ​ត្រូវ​មកជួបជុំ​នៅ​វិមាន​រដ្ឋសភា​វេលា​ម៉ោង ២:៣០ រសៀល​ដើម្បី ធ្វើដំណើរ​តាម​រថយន្ត​រួម ទៅ​ព្រះបរមរាជវាំង​។​

​ ​ចំណែក​ព្រះបរមរាជវាំង​ក៏បាន​ប្រកាស​ពី​ព្រះរាជ​កម្មវិធី​របស់​ព្រះករុណា​ ក្នុង​ព្រះ​រាជពិធី​សច្ចាប្រណិធាន សមាជិក សមាជិក នៃ​រដ្ឋសភា នីតិកាល​ទី​៦ ( ១២៥ រូប ) នៅក្នុង​ព្រះទីនាំង​ទេវាវិនិច្ឆ័យ ក្នុង​ព្រះបរមរាជវាំង នា​ម៉ោង​៤​រសៀល ថ្ងៃ​ពុធ ទី​៥ ខែកញ្ញា​។​

​ ​ព្រះ​រាជពិធី​សច្ចាប្រណិធាន នឹងធ្វើ​ឡើង ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះមហាក្សត្រ​ព្រមទាំង​សម្តេចព្រះ មហា​សង្ឃ​រាជាធិបតី​ទាំងពីរ​គណៈ​។ ក្នុងនោះ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា អាន​ខ្លឹមសារ​សច្ចាប្រណិធាន ហើយ​សមាជិក​រដ្ឋសភា នីតិកាល​ទី​៦ នឹងត្រូវ​ប្រតិបត្តិ​សូត្រ​តាម​។​នៅពេល​សូត្រ​សច្ចាប្រណិធាន ចប់ បារគូ​បន្លឺ​ស័ង្ខ​ជ័យ ក្រោយមក​សមាជិក សមាជិកា​នៃ​រដ្ឋសភា នីតិកាល​ទី​៦ អញ្ជើញ​ទទួលទាន​ទឹក​ពិ​ភ័​ទ្ទស​ច្ចា​។

​ ​សម្រាប់​គ្រឿង​ទ្រង់​-​សម្លៀកបំពាក់​ក្នុង​ព្រះ​រាជពិធី​សច្ចាប្រណិធាន​នេះ គឺ​ព្រះករុណា​នឹង​ព្រះ​ពស្ត្រ​ចងក្បិន​ពណ៌​តាម​ថ្ងៃ​ព្រះ​ភូសា កុ​ត​ពណ៌​ស ។ រីឯ​សមាជិកា​រដ្ឋសភា​( ស្ត្រី ) អាវប៉ាក់​ពណ៌​ស​-​សំពត់​ចងក្បិន​ពណ៌​ស៊ី​លៀប​-​ក្រមា​ពានា​ពណ៌​ស៊ីនួន​ខ្លី ។ រីឯ​សមាជិក​រដ្ឋ សភា​( បុរស ) អាវកុត​ពណ៌​ស​-​សំពត់​ចងក្បិន​ពណ៌​ស៊ី​លៀប​-​ស្រោម​ជើងវែង​ខ្មៅ និង​ស្បែកជើង​ពណ៌​ខ្មៅ​។​

​ ​គួររំលឹកថា​កាលពី​ថ្ងៃទី ២៩ ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅ​កម្ពុជា​បាន​ដំណើរ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ដោយមាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​។​លទ្ធផល​គឺ​ពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៦.៩៥៦.៩០០​នាក់​បាន​ទៅ​ចូលរួម​បោះឆ្នោត​ឬ​ស្មើនឹង​៨៣,០២​ភាគរយ (​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​៨ ៣៨០ ២១៧​នាក់​)​។​សន្លឹកឆ្នោត​បានការ​សរុប​ចំនួន ៦ ៣៦២ ២៤១ និង​សន្លឹកឆ្នោត​មិនបាន​ការសរុប​ចំនួន ៥៩៤ ៦៥៩​។ រីឯ​សន្លឹកឆ្នោត​ក្នុង​ហិប​សរុប​ចំនួន ៦ ៩៥៦ ៩០០​។ ក្នុងនេះ​គណបក្ស ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៤ ៨៨៩ ១១៣​សំឡេង ឬ ជាង​៧៧ ភាគរយ​នៃ​អ្នកបោះឆ្នោត​និង​ទទួលបាន​អាសនៈ ១២៥​នៅក្នុង​រដ្ឋសភា​ទាំងស្រុង ៕

 

 

 

 

 

 

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ