អង្គការ​CPL​នៅ​សហរដ្ឋអាមេរិក​ផ្តល់​បរិក្ខា​ពេទ្យ​ជាង​៣០០​កញ្ចប់​ដល់​រដ្ឋបាល​រាជា​ធានី​ភ្នំពេញ​,​និង​ការសន្យា​ជួយ​ជ្រោមជ្រែង​សហគមន៍​ក្រីក្រ​

718
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ អង្គការ CPL នៅ​សហរដ្ឋអាមេរិក​បានផ្តល់​អំណោយ​មនុស្សធម៌​ជា​បរិក្ខា​ពេទ្យ​ដល់​រដ្ឋបាល​រាជា​ធានី​ភ្នំពេញ​ចំនូ​ន​៣១៩​កញ្ចប់ និង​ការសន្យា​ជួយ​ជ្រោមជ្រែង​សហគមន៍​ក្រីក្រ​បន្ថែមទៀត ។​ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៥​កញ្ញា​នេះ ដោយមាន​ការចូលរួម​ពី​លោក​ហួត ហៃ អភិបាលរង​តំណាង​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​ព្រមទាំង​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អណ្តូង ស្ថិតក្នុង​សង្កាត់​គោក​រការ​ខណ្ឌ​ព្រែក​ព្នៅ​។​
ក្នុង​ពិធី​នោះ​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​អំណោយ​មនុស្សធម៌​នេះ​ចំពោះ​អង្គការ CPL​ដែល​កន្លងមក​បាន​ជួយ​ដល់​សហគមន៍​ភូមិ​អណ្តូង​ហើយ​បានធ្វើការ​អភិវឌ្ឍន៍​ជា​ដៃគូ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ព្រមទាំង​បន្ត​ជួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​ថែមទៀត​។​
​មន្ត្រីរដ្ឋបាល​រាជធានី​បានឱ្យដឹងថា​៖ អំណោយ​ដែល​ប្រគល់​ក្នុង​ឧិ​កាស​នោះ​មាន សម្ភារៈ​បន្ទប់ពិសោធន៍ បំពង់​បង្ហូរទឹក​ម៉ាស៊ីនបូមទឹក​ដោះ ឧបករណ៍​សំរាប់​ព្យាបាល​ស្ត្រី គ្រែ​សង្គ្រោះបន្ទាន់ គ្រែ​សំរាប់​អ្នកជំងឺ ឧបករណ៍​សំរាប់​វាស់​បេះដូង ព្រម​បរិក្ខា​ដទៃទៀត​រួម​និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​ទូទៅ​ក្នុងនោះ​មាន ទូរ​ការិយាល័យ​សំរាប់​ដាក់​ឯកសារ ឧបករណ៍​សំរាប់​វះកាត់ រទេះ​កៅអី​សំរាប់​កុមារ​និង​កៅអី​រុញ​សំរាប់​ជនពិការ​។​
ជាការ​ឆ្លើយតប​លោក​តំណាងឱ្យ​ប្រធាន​អង្គការ CPL បាន​កោត​ស​សើរ​ដល់​រដ្ឋបាល​រាជធានី​ដែល​បានធ្វើការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​អោយមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ពិសេស​ប្រទេស​កម្ពុជា​ដ៏​ស្រស់ស្អាត​និង​មាន​សុខសន្តិភាព​។ ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​កម្ពុជា មាន​ភាព​រាក់ទាក់​ដែល​ធ្វើឱ្យ​លោក​មានការ​ចាប់អារម្មណ៍​ចំពោះ​ប្រទេស​កម្ពុជា​ហើយ​លោក​និង​បន្ត​សហការ​ជាមួយ​សាលា​រាជធានី​ដើម្បី​ធ្វើការ​រួមគ្នា​ជួយ​ដល់​សហគមន៍​ក្រីក្រ​ថែមទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម