ការចូលរួម​ដាំ​ដើមឈើ​ក្នុង​តំបន់​អង្គរ ជា​ភារកិច្ច​របស់​យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា​

1189
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: មនុស្ស​ប្រមាណ​ជាង​៤០០​នាក់ មកពី​វិស័យ​ឯកជន​តាមរយៈ​សមាគម​ធនធានមនុស្ស និង​សមាគម​ទេសចរណ៍​ខេត្តសៀមរាប សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា នៃ​គម្រោង​អប់រំ​បេតិកភណ្ឌ​បាន​ជួបជុំគ្នា​ដាំ​ដើមឈើ​ជាង​២០០០​ដើម នៅ​ខាងត្បូង​បរិវេណ​ប្រាសាទបន្ទាយក្តី កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

ការចូលរួម​ដាំ​ដើមឈើ​ក្នុង​តំបន់​អង្គរ ជា​ភារកិច្ច​របស់​យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា (រូប អាជ្ញាធរអប្សរា)

​ដើមឈើ​ទាំងនោះ​មាន​៣​ប្រភេទ​គឺ ដើម​គគីរ ដើមឈើ​ទាល ដើម​កកោះ ជា​ប្រភេទ​ឈើ​ធំ ស្រូប​ទឹកបាន​ច្រើន មាំទាំ​អាច​ទប់​ខ្យល់​បានល្អ​។ បើ​គិត​មកដល់ពេលនេះ អាជ្ញាធរ​ជាតិ​អប្សរា​ដាំ​កូនឈើ​បាន​ជាង​១​ម៉ឺន​ដើម ហើយ​ក្នុង​តំបន់​អង្គរ ដោយមាន​ការថែទាំ​យ៉ាង​ល្អ​។​

​លោក អ៊ឹម សុខ​រឹទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ បាន​លើកឡើងថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​វិស័យ​ឯកជន​បាន​ចូលរួម​ដាំ​ដើមឈើ ហើយ​គម្រោង​នេះ​នៅតែមាន​បន្តទៀត ដើម្បី​ថែរក្សា​ទេសភាព​តំបន់​អង្គរ ដែល​ត្រូវការ​កម្លាំង​ដាំ​ឡើងវិញ​។​

​លោក​បន្តទៀតថា នៅ​ឆ្នាំ​២០១៨​នេះដែរ ក៏​ជា​ឱកាស​បង្កើត​ស្ពានមេត្រី​រវាង​វិស័យ​ឯកជន អាជ្ញាធរ​ដែនដី និង​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​អ្នក​ប្រាស្រ័យ អ្នកទទួល​កេរ​មរតក អ្នកទទួលផល និង​ធ្វើការ​ដើម្បី​បេតិកភណ្ឌ រួមគ្នា​បម្រើ​អង្គរ​។ ដូច្នេះ​ការចូលរួម​ដាំ​ដើមឈើ ជាការ​ចូលរួម​រួម​កិច្ចការ​សង្គម​និង​ការអភិរក្ស​ដែលជា​កាតព្វកិច្ច​មនុស្ស​ទូទៅ​ត្រូវ​ចូលរួម​ឱ្យបាន​ទាំងអស់គ្នា​សម្រាប់​លម្អ​ក្រុង​អង្គរ បង្កើន​ភាព​បៃតង​ដល់​បរិស្ថាន និង​ធ្វើជា​គំរូ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​លោកស្រី បួង សុភាព មកពី Artisans Angkor តំណាងឱ្យ​សមាគមន​ធនធានមនុស្ស​ខេត្តសៀមរាប​បានលើកឡើង​ថា មាន​វិស័យ​ឯកជន​ជាង​៨០​ស្ថាប័ន​ដែល​បាន​ចូលរួម សកម្មភាព​ដាំ​កូនឈើ ដើម្បី​ជា​ចំណែក​ថែរក្សា​និង​ការអភិរក្ស ក៏ដូចជា​បង្ហាញ​ដល់​សាធារណៈជន យុវជន ក្មេងៗ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន​និង​ចូលរួម​ថែរក្សា​កេរ​មរតក​ដូនតា​ខ្មែរ ព្រោះ​នៅក្នុង​ខេត្តសៀមរាប ក្រៅពី​ប្រាសាទ សក្កា​នុព​ល​ធម្មជាតិ​បាន​ទាញ​ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ​។​

​លោកស្រី​ក៏​សូមឱ្យ​អ្នកចូលរួម​បន្ត​គាំទ្រ​និង​ចូលរួម​ឱ្យបាន​ផុសផុល ទោះបី​មិនបាន​ចំណាយ​ថវិកា​ចូលរួម ក៏​ចូលរួម​ជា​សកម្មភាព ជា​កម្លាំង និង​ផ្សព្វផ្សាយ​។ លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​បើកទូលាយ​ដល់​សាធារណៈជន​បាន​ចូលរួម ដើម្បី​ប្រយោជន៍​សង្គម​និង​បេតិកភណ្ឌ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម