វិមាន​ក្រឹម​ឡាំង​បដិសេធ​ការចោទប្រកាន់ថា វ្ល៉ា​ឌី​មៀរ ពូ​ទីន ជាប់​ពាក់ព័ន្ធ​ការបំពុល​អតីត​ចារកម្ម និង​កូនស្រី​

889
ចែករម្លែក

​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​កញ្ញា​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​អាជ្ញាធរ​អង់គ្លេស​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​ទទួលខុសត្រូវ​ខ្ពស់បំផុត​ចំពោះ​ការបំពុល​អតីត​ចារកម្ម​ម្នា​ក់នៅ​អង់គ្លេស​និង​បាន​និយាយថា រុស្ស៊ី​នឹងមិន​ស៊ើបអង្កេត​ជនសង្ស័យ​នោះទេ​។​

​រដ្ឋមន្ត្រី​សន្តិសុខ​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រិះគន់​លោកពូ​ទីន​ជុំវិញ​ការវាយប្រហារ​ដោយសារ​ធាតុគីមី​បំផ្លាញ​សរសៃប្រសាទ​ទៅលើ​លោក សឺ​ហ្គី ស្គ្រី​ប៉ាល់ និង​កូនស្រី​របស់លោក ហើយ​ក៏បាន​ព្រមាន​ដែរ​ថា​ចក្រភព​អង់គ្លេស​នឹង​វាយបក​ប្រឆាំងនឹង “​សកម្មភាព​មិនល្អ​” របស់​រុស្ស៊ី​ទាំង​តាម​វិធានការ​សាធារណៈ​និង​សម្ងាត់​។​

​លោក បិ​ន វ៉​ឡ​ឡេស (Ben Wallace) បាន​ប្រាប់​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ីថា លោកពូ​ទីន​និង​រដ្ឋាភិបាល​របស់លោក “​គ្រប់គ្រង ផ្តល់​មូលនិធិ និង​បញ្ជា​” អង្គភាព​ស៊ើបការណ៍​យោធា​មួយ ហៅថា GRU ដែល​អង់គ្លេស​ជឿថា​បាន​ប្រើ​សារធាតុ​គីមី​បំផ្លាញ​សរសៃប្រសាទ Novichok ផលិត​តាំងពី​សម័យ​សូ​វៀត​ដើម្បី​ព្យាយាម​សម្លាប់​អតីត​ចារកម្ម​រុស្ស៊ី​ម្នាក់​ឈ្មោះ​ស្គ្រី​ប៉ាល់​។​

​លោក​ស្គ្រី​ប៉ាល់​និង​កូនស្រី​របស់គាត់​ឈ្មោះ យូ​លី​យ៉ា ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់ពី​ពួកគេ​បាន​ប៉ះពាល់​ជាមួយ​ជាតិគីមី Novichok ក្នុង​ទីក្រុង​សាលី​ស្បឺ​រី ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី ៤ ខែមីនា​។​

​ឥឡូវនេះ​អ្នក​ទាំង​២​កំពុង​សម្រាក​ព្យាបាល​ក្នុង​ទីតាំង​សម្ងាត់​មួយ​ដើម្បី​ការពារ​ខ្លួន​។ ស្ត្រី​ក្នុង​តំបន់​ម្នាក់​ឈ្មោះថា ដន ស្ទួ​ហ្គេ​ស បាន​ស្លាប់ ហើយ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ ឆា​លី រ៉ូ​លី បាន​ឈឺធ្ងន់ធ្ងរ បន្ទាប់ពី​ពួកគេ​បាន​ដើរ​ឆ្លងកាត់​សំណល់​ជាតិពុល​នៅក្នុង​ដប​ទឹកអប់​មួយ ដែល​ត្រូវគេ​បោះបង់ចោល​កាលពី​ខែមិថុនា​។​

​កាលពី​ថ្ងៃ​ពុធ​ទី​៥​កញ្ញា អង់គ្លេស​បានប្រកាស​ពី​ការចោទប្រកាន់​ដោយ​កំបាំងមុខ​ប្រឆាំងនឹង​ភ្នាក់ងារ​រុស្ស៊ី​២​នាក់ គឺ អា​ឡិច​សាន់​ឌ័​រ ប៉េ​ត្រូវ (Alexander Petrov) និង រូ​ស្លា​ន់ បូ​ស៊ី​រ៉ូ​វ (Ruslan Boshirov) ដែល​ទំនងជា​ឈ្មោះ​ក្លែងក្លាយ​ទេ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេ​រ៉េ​សា មេ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការប៉ុនប៉ង​ធ្វើឃាត​នេះ​ត្រូវ​បានអនុម័ត “​នៅ​កម្រិត​ជាន់ខ្ពស់​នៃ​រដ្ឋ​រុស្ស៊ី​”​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បដិសេធ​យ៉ាង​ដាច់អហង្កា​ចំពោះ​ការចូលរួម​ក្នុងការ​វាយប្រហារ​នេះ ហើយ​ក្រុមមន្ត្រី​រុស្ស៊ី​បាន​និយាយថា ពួកគេ​មិន​ស្គាល់​ជនសង្ស័យ​នោះទេ​។​

​និយាយ​ទៅកាន់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់លោក​ពូ​ទីន លោក ឌី​មេ​ទ្រី ប៉េ​ស្កូវ បាន​ហៅ​ការចោទប្រកាន់​ប្រឆាំងនឹង​លោកពូ​ទីន​និង​រដ្ឋាភិបាល​រុស្ស៊ី​ថា “​មិនអាច​ទទួលយកបាន​”​។​

​លោក​បាន​និយាយថា “​ទាំង​មេដឹកនាំ​រុស្ស៊ី​និង​អ្នកតំណាង​របស់ខ្លួន​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នៅ​ទីក្រុង​សាលី​ស្បឺ​រី​ទេ​” ។​

​លោក​ប៉េ​ស្កូវ​ក៏បាន​និយាយ​ផងដែរ​ថា រុស្ស៊ី​គ្មាន​ហេតុផល​ដើម្បី​ស៊ើបអង្កេត​បុគ្គល​២​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃ​ពុធ​ដោយសារតែ​អង់គ្លេស​មិនបាន​ស្នើសុំ​ជំនួយ​ផ្នែក​ច្បាប់​នៅក្នុង​រឿងក្តី​នេះ​។​

​ចក្រភព​អង់គ្លេស​បាន​និយាយថា​ខ្លួន​នឹងមិន​ស្វែងរក​ការធ្វើ​បត្យាប័ន​បុរស​ទាំង​២​ទេពី​ព្រោះ​ច្បាប់​របស់​រុស្ស៊ី​មិន​អនុញ្ញាតិ​ឱ្យធ្វើ​បត្យាប័ន​ជនជាតិ​របស់ខ្លួន​ដើម្បី​ធ្វើការ​កាត់ទោស​នៅ​បរទេស​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​ស្គ្រី​ប៉ាល់ និង​កូនស្រី យូ​លី​យ៉ា កំពុង​សម្រាក​ព្យាបាល​ក្នុង​ទីតាំង​សម្ងាត់​មួយ​ដើម្បី​ការពារ​ខ្លួន
ជនសង្ស័យ​ឈ្មោះ អា​ឡិច​សាន់​ឌ័​រ ប៉េ​ត្រូវ និង រូ​ស្លា​ន់ បូ​ស៊ី​រ៉ូ​វ

ទីតាំងផ្សាយពាណិជ្ជកម្ម