រថយន្ត​តូច​បើក​ទៅបុក​រថយន្ត​ធំ ធ្លាក់ចូល​ស្នាមភ្លោះ​ទាំង​២​គ្រឿង​: របួសធ្ងន់​៤​នាក់​

826
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: រថយន្ត​តូច​បើក​ទៅបុក​ចូល​រថយន្ត​ធំ​ក្នុងទិសដៅ​ច្រាស​គ្នា កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ខាងកើត​ផ្លូវ​ចូល​ភូមិ​អញ្ចាញ ស្ថិតក្នុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្ក​ឲ្យ​រងរបួស​ធ្ងន់​៤​នាក់​។​

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា អ្នកបើករថយន្ត​តូច​ឈ្មោះ សឹម សុ​ភ័​ណ្ឌ​ណា​រិ​ទ្ធិ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ លំនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ និង​អ្នករួមដំណើរ​មាន ៣​នាក់ : ១.​ឈ្មោះ ស៊ុត ប៊ុនធឿន ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​។ ២-​ឈ្មោះ នួន រិទ្ធី ភេទ​ប្រុស អាយុ​២៥ ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។ ៣-​ឈ្មោះ​ស្រី ភេទ​ស្រី​អាយុ​១៨ មិនទាន់​ស្គាល់​អាស័យដ្ឋាន​។ ទាំង​៤ ជា​អ្នកបើកបរ​និង​អ្នក​រួមទាំង​ដំណើរ​ភាគី​រថយន្ត​តូច បាន​របួសធ្ងន់ ក្នុងនោះ​ស្រី​១​នាក់​។ ចំណែក​អ្នកបើករថយន្ត​ធំ មានឈ្មោះ ប៉ោ សុ​ផុន អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពុន ខ័​ណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​។ នៅមុន​ពេល​កើតហេតុ​រថយន្ត​តូច​ម៉ា​កវី​ហ្គោ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ បាន​បើក​ពី​ទិស​ខាង​លិចទៅ​កើត​។

​ចំណែក​រថយន្ត​ធំ ដឹកទំនិញ​ធុន​ធ្ងន់ បាន​បើក​ពី​កើ​តទៅ​លិច​។ ដល់​ចំណុចកើតហេតុ សង្ស័យ​អ្នកបើករថយន្ត​តូច​ងងុយដេក បាន​រេ​ចង្កូត​ទៅបុក​ចូល​រថយន្ត​ធំ ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង ធ្លាក់​ពីលើ​ផ្លូវជាតិ​។ អ្នកបើកបរ ទាំង​រួម​ដំណើរ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា​-​ជប៉ុន​មង្គល​បូរី​។​

​រថយន្ត​តូច​ខូច​ធ្ងន់​មួយ​កំណាត់​មុខ និង​រថយន្ត​ធំ​ខូច​ស្រាល ត្រូវ​នគរបាល​ចរាច​ណ៍​យកមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត់ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ