រាជរដ្ឋាភិបាល​នឹង​ចំណាយ​ប្រាំ​ពីរលាន​ដុល្លារ ដើម្បី​បើកប្រាក់​ឧ​ត្ថ​ម្ភ​ជូន​មន្ត្រីរាជការ​គ្រប់រូបចាប់ពី​ថ្នាក់ភូមិ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំនេះ​

901
ចែករម្លែក

ដោយៈ​ម៉េង​ឆៃ​,​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅពេល​ចាប់ផ្តើម​បើក​សម័យប្រជុំ​លើកដំបូង​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ខែតុលា ខាងមុខនេះ រាជរដ្ឋាភិបាល នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ចាប់​តាំងពី​ថ្នាក់ភូមិ ដោយ​ទទួលបាន​ប្រាំ​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​។ ក្នុងនោះ​រាជរដ្ឋាភិបាល​នឹង​ចំណាយ​ប្រហែល​ប្រាំ​ពីរលាន​ដុល្លារ​អាម៉េរិក​។​

សម្តេចតេជោ ហ៊ុនសែន

​ជាមួយនឹង​ការប្រកាស​ពី​គម្រោង​ផ្តល់ប្រាក់​ឧ​ប​ត្ត​ម្ភ​ដល់​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នា​ខែតុលា​ខាងមុខ សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​រៀបចំ​អនុក្រឹត្យ​ស្តីពី​ការផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ត្រូវ​គិតគូរ​ពី​ការបើក​ប្រាក់ខែ​មន្ត្រីរាជកា​រ​សម្រាប់​ខែតុលា នៅ​ដើមខែ​តុលា​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជាមួយនឹង​ប្រាក់ឧបត្ថម្ភ ប្រាំ​ម៉ឺន​រៀល ក្នុង​ម្នាក់ៗ​នេះ​។
​ក្នុង​នោះ​សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ត្រូវ​រៀបចំ​ប្រាក់ខែ​សម្រាប់​មន្ត្រី​រាជការ​ទាំង​អស់ នៅ​ខែវិច្ឆិកា ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​ត្រូវ​បើក​នៅ​សប្តាហ៍​ទី​២ ក្នុង​ខែវិច្ឆិកា​ផងដែរ​។​

​ ​សូម​រម្លឹកថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើង ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​។ ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តែងតែ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ពិសេស​ដល់​មន្ត្រីរាជការ​គ្រប់​ប្រភេទ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​៕សរន