​តើ​តំបន់ដីសើម​ជា​អ្វី​? What is Wetlands?

3813
ចែករម្លែក

ពាក្យ “​តំបន់ដីសើម​” មានន័យ​ផ្សេងៗ​ពីគ្នា​ចំពោះ​មនុស្ស​ផ្សេងគ្នា​។ នេះ​មួយផ្នែក​ដោយសារ​ភាពខុស​ប្លែក​គ្នា​ដ៏​ច្រើន​សម្បើម​នៃ​ប្រភេទ​តំបន់ដីសើម និង​ម្យ៉ាងទៀត​ដោយសារ​នៅពេល​ខ្លះ គេ​ពិបាក​កំណត់ព្រំដែន​របស់​តំបន់​នេះ​ឱ្យបាន​ជាក់លាក់​ណាស់​។ នៅក្នុង​ភាសា​អង់គ្លេស ពាក្យ Wetland (​តំបន់ដីសើម​) ក៏​ជា​ពាក្យថ្មី​ដែរ​។ នៅ​ជុំវិញ​ពិភពលោក មាន​និយមន័យ​នៃ​ពាក្យ “​តំបន់ដីសើម​” ចំនួន​ជាង ៥០ ដែល​គេ​ប្រើប្រាស់​។​

សត្ចស្លាបនៅតំបន់ដីសើមនៃកម្ពុជា(រូបក្រសួងបរិស្ថាន)

​លក្ខណៈ​សំខាន់ៗ​មួយចំនួន​នៃ​តំបន់ដីសើម​គឺ ការ​លិច​ទឹក ឬ​នីវ៉ូ​ផ្ទៃ​ទឹក​ក្នុង​ដី​ខ្ពស់ នាំមក​នូវ​ល័ក្ខខ័ណ្ឌ​ដែល​តម្រូវឱ្យ​ជីវិត​សត្វ និង​រុក្ខជាតិ​ប​ន្សាំតាមច្រើន ព្រមទាំង​មាន​ឥទ្ធិពល​ដល់​ការវិវត្ត និង​ដល់​លក្ខណៈ​របស់​ដី​។ ចំណែក​ថ្នាក់​តំបន់ដីសើម ត្រូវបាន​គេ​រៀបចំឡើង ដោយ​ឈរលើ​លក្ខណៈ​ជីវសាស្ត្រ លក្ខណៈ​ធារាសាស្ត្រ លក្ខណៈ​ដី ឬ​សណ្ឋាន​ដី​។​

​និយមន័យ​តំបន់ដីសើម​មួយ​ដែល​ទូលំទូលាយ​ជាងគេ ហើយ​ត្រូវបាន​គេ​ប្រើ​ជាងគេ ត្រូវ​បានអនុម័ត​ក្នុងអំឡុង​ស​ន្និសិទ​ទៅ​ទីក្រុង​រ៉ាំ​សា (Ramsar) ប្រទេស​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧១ ដែល​នៅ​ទី​នោះគេ​បានរៀបចំ​ចេញ​ជា អនុសញ្ញា​ស្តីពី​តំបន់ដីសើម មាន​សារៈសំខាន់​ជា​អន្តរជាតិ ជាពិសេស​សម្រាប់​ជា​ជម្រក​បក្សី​ទឹក ហើយ​ដែលគេ​ហៅ​កាត់​ដោយ​ខ្លី​ថា អនុសញ្ញា​រ៉ាំ​សា​។​

​អនុលោម​តាម​អនុសញ្ញា​រ៉ាំ​សា តំបន់ដីសើម​ត្រូវបាន​ពណ៍​នា​ថា​៖ ជា​តំបន់​ទំនាប​បឹង កន្លែង​ធ្យូង​តូប​បាស និង​ធ្យូង​តូប ឬ​ទឹក ទោះជា​ធម្មជាតិ ឬ​សិប្បនិម្មិត មាននៅ​ជា​អចិន្ត្រៃយ៍ ឬ​បណ្តោះអាសន្ន មាន​ទឹកនឹង ឬ​ហូរ ទឹកសាប ទឹក​ភ្លាវ ឬ​ទឹកប្រៃ ដោយ​រួមទាំង​តំបន់​ទឹកសមុទ្រ​ដែលមាន​ជម្រៅ​នៅពេល​លំនាច មិន​លើសពី ៦ ម៉ែត្រ​។​

​និយមន័យ​ដ៏​ទូលំទូលាយ​នេះ ផ្តល់នូវ​ក្រម​ខ័​ណ្ឌ ដែល​អាច​ឱ្យគេ​យកទៅ​ប្រើ​សមស្រប​តាម​លក្ខ​ខ​ណ្ឌ​ក្នុង ស្រុក និង​ក្នុង​តំបន់​ផង​។ ជា​ឧទាហរណ៍ គណៈកម្មការ​ទន្លេមេគង្គ (​ដែល​ពីមុន​ជា​លេខាធិការដ្ឋាន​ទន្លេមេគង្គ​) បានធ្វើ​សារពើ​ព័​ណ្ឌ​តំបន់ដីសើម នៅ​អាង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម ចាប់ពី​ឆ្នាំ ១៩៩០ មក (​នៅពេលនោះ​ប្រទេស​កម្ពុជា​មិនទាន់​ចូល​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​នៅឡើយ​ទេ​។ ដើម្បី​បម្រើរ​ឱ្យ​គោលបំណង​នៃ​ការធ្វើ​សារពើ​ព័​ណ្ឌ​នេះ គេ​បានរៀបចំ​ចំណែក​ថ្នាក់​តំបន់ដីសើម ដោយ​ផ្អែកលើ​ចំណែក​ថ្នាក់​រ៉ាំ​សា ប៉ុន្តែ​បានសម្រួល​ឱ្យ​សមស្រប​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នានា​ក្នុង​តំបន់​។ តំបន់ដីសើម​ត្រូវ​ចែកចេញជា​ពីរ​ផ្នែក​ធំៗ គឺ​ទឹកប្រៃ និង​ទឹកសាប ហើយ​ផ្នែក​ទាំងនោះ​ត្រូវបាន​បែងចែក​បន្តទៀត​៕
(ប្រភពក្រសួងបរិស្ថាន)

ទីតាំងផ្សាយពាណិជ្ជកម្ម