​ព្រះសង្ឃ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទទូច​ឲ្យ​អាជ្ញាធរ​ជួយ​រំដោះ​ដី​វត្ត​ពី​បុគ្គល​ម្នាក់​

753
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​បុគ្គល​មួយ​គ្រួសារ​ដែលមាន​ផ្ទះ​និង​ព្រំដី​ជាប់​របង​វត្ត​(​ព្រៃ​ច្បារ​)​ស្ថិតនៅ​ភូមិ​ស្រះ​ថ្កូវ​ឃុំ​កំពង់​សឹង​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​ត្រូវ​ព្រះសង្ឃ​អាចារ្យ​គណៈកម្មការ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ប្រតិកម្ម​ចោទប្រកាន់ថា​រំលោភ​យក​ដី​វត្ត​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

​ព្រះគ្រូ​ចៅអធិការ​វត្ត​(​ព្រៃ​ច្បារ​) ព្រះនាម​ម៉ូ​វ​ង៉ែត​ហៅ​សារិន​មាន​សង្ឃដីកា​ថា​រឿង​គេ​រំលោភ​យក​ដី​វត្ត​នេះ កន្លងមក​ព្រះអង្គ​បាន​ប្ដឹងទៅ​លោក​មេឃុំ​កំពង់​សឹង​ឱ្យជួយ​រក​ដំណោះស្រាយ ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​មិនបាន​លទ្ធផល​សោះ ។ ខណៈ​គ្រួសារ​លោកស្រី កែវ មុំ ហៅ​(​ព្រម​) អាយុ​៥៩​ឆ្នាំ និង​ប្តី​ឈ្មោះ ឡុង សាលី ដែលមាន​ផ្ទះ​នៅជាប់​របង​វត្ត បាន​រំលោភ​យក​ដី​វត្ត​ទាំង​បំពាន​។​

​ជាមួយគ្នា​នោះ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បាន​អះអាងថា​ផ្ទះ​លោកស្រី​កែវ​មុំ​នេះ​មាន​ទីតាំងនៅ​ខាងជើង​ជាប់​របង​វត្ត​។​ដោយ​កន្លងមក​នៅ​ឆ្នាំ​២០១៣ វត្ត​មិនទាន់មាន​របង​ថ្ម​ទេ​។​កាលណោះ​លោកស្រី កែវ មុំ បាន​ជីក​ស្រះ​ដែលមាន​ជម្រៅ មក​កើល​ចូល​ហួស ព្រំដី​វត្ត​តែម្ដង​។ លុះដល់​លោក​អាចារ្យ​គណៈកម្មការ សាងសង់​របង​វត្ត​ដោយ​មាត់​ស្រះ​មាន​ជម្រៅ​ជ្រៅ​ពេក​ទើប​មូលមតិ​គ្នា​ធ្វើ​របង​វាង​មាត់​ស្រះ​ចូលមកក្នុង​ដី​វត្ត និង​ដក​ពី​ព្រំ​ចម្ងាយ​១​ម៉ែត្រ ។​

​ឃើញ​ដូច្នេះ គ្រួសារ​លោកស្រី កែវ មុំ បាន​វាទទី​យក​ដី​មកដល់​របង​វត្ត​ដោយ​ចិត្ត​ឯង​។ មិនតែប៉ុណ្ណោះ​ទេ សូម្បីតែ​ផ្លូវ​ចូល​កន្លែង​ទីប​ច្ឆា​សម្រាប់​បូជាសព ក៏ត្រូវ​គ្រួសារ លោក​បាន​វាទ​យក​អស់​មួយផ្នែក​ផងដែរ​។​
​ប្រភព​បន្តថា នៅពេលដែល ព្រះសង្ឃ​អាចារ្យ គណៈកម្មការ និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត ប្ដឹង​មក​លោក​មេឃុំ​កំពង់​សឹង​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​។​បែរជា​លោក​មេឃុំ​មិន​អើពើ​ដោយ​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅវិញ​។​

​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​លោកស្រី​កែវ​មុំ​បាន​បកស្រាយ​ថា​គាត់​មិនចេះ​អក្សរ​ទេ​ហេតុនេះ​សូម​ពន្យា​ពេល​ដោះស្រាយ​សិន​ចាំ​ដល់​កូន​លោកស្រី​រៀន​ចប់​សាលា​ច្បាប់​សិន​ទើប​មក​ដោះស្រាយ​ជំនួស ។​ម្យ៉ាងវិញទៀត​ពេលនេះ​ប្លង់ដី​លោកស្រី នៅ​ធនាគារ​ឯណោះ ណាមួយ​ប្តី​ឈឺ​ទៀត ។​

​លោក ចាន់ ឈុំ មេឃុំ​កំពង់​សឹង បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​ថា កន្លងមក​លោក​ធ្លាប់​អ​ញ្ចើ​ញ លោកស្រី កែវ មុំ ឲ្យ​ចូលខ្លួន​ដោះស្រាយ​ហើយ ដោយមាន​ទាំង មន្ត្រី​សុរិយោដី​ចុះមក​វាស់វែង ទៀតផង​។ ប៉ុន្តែ​គ្រួសារ​១​នោះ និយាយ​ទៅមុខ​ទៅក្រោយ ពិបាក ដោះស្រាយ​ដោយ​លើក​ហេតុផល​ថា​ចាំ​កូន​រៀន​ចប់​សិន​។​លោក​មេឃុំ​បន្តថា​បណ្តឹង​មួយ​នេះ​លោក​និង​បញ្ជូន​ឲ្យ​ទៅ លោក​អភិបាលស្រុក​ព្រះស្តេច ជួយ​ដោះ ។​

​ចំណែក​លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ព្រះស្ដេច មិនអាច​សុំ​ការបកស្រាយ​បានទេ​ព្រោះ​លោក ជាប់រវល់​ទៅ​ទស្សនៈកិច្ច​នៅ​ប្រទេស​ជប៉ុន​។ ទោះបីជា​យ៉ាងណា ព្រះសង្ឃ អាចារ្យ គណៈកម្មការ និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​(​ព្រៃ​ច្បារ​) កំពុង​ទទូច​ស្នើ​ដល់ លោក​អភិបាល​ខេត្តព្រៃវែង និង​មន្ត្រី​ជំនាញ ឲ្យ​ជួយ​រំដោះ​ដី​វត្ត​ពី​បុគ្គល​១​គ្រួសារ​មកវិញ​ផង​៕S​

​ព្រះសង្ឃ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទទូច​ឲ្យ​អាជ្ញាធរ​ជួយ​រំដោះ​ដី​វត្ត​ពី​បុគ្គល​ម្នាក់​