មនុស្ស​ជាង ១ លាន​នាក់​កំពុង​ជម្លៀស​ខ្លួន ខណៈ​ព្យុះកំ​បត់​ត្បូង​ផ្ល​រិ​ន​កំពុង​បោះពួយ​មកកាន់​តែ​កៀក​រដ្ឋ​ខា​រ៉ូ​លី​ណា​

758
ចែករម្លែក

​ព្យុះកំបុតត្បូង​ឈ្មោះ ផ្ល​រិ​ន (Florence) ជា​ព្យុះ​ដ៏​ខ្លាំងក្លា​បំផុត​ដែល​គំរាម​ដល់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំនេះ បាន​វិ​វត្ត​ទៅជា​ព្យុះ​ទី​ហ្វុ​ង​កម្រិត ៤ ដោយ​បក់បោក​សំដៅ​មក​ជិត​រដ្ឋ​ខា​រ៉ូ​លី​ណា កាលពី​យប់​ថ្ងៃ​ចន្ទ ទី​១០ កញ្ញា (​ព្រឹក​ទី​១១​កញ្ញា​នៅ​កម្ពុជា​)​។​

​ដោយមាន​ល្បឿន​អតិបរមា ២៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ព្យុះ​នេះ​នឹង​កាន់​តែមាន​កម្លាំង​ខ្លាំងក្លា មុនពេល​បោកបក់​លើដី​គោក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កញ្ញា ដោយ​នាំឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាមួយនឹង​លទ្ធភាព​បង្ក​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ដែល​ជំរុញឱ្យមាន​ការជម្លៀស​មនុស្ស​ជាង​១​លាន​នាក់​ទៅកាន់​ទីទួល​ខ្ពស់​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ព្យុះកំបុតត្បូង​ជាតិ (NHC) នៅ​ក្រុង​ម៉ៃ​អា​មី​។​

NHC បានឱ្យដឹង​ក្នុង​ព្រឹត្តិបត្រ​មួយ​ថា “​ផ្ល​រិ​ន​ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​ខ្យល់ព្យុះ​ដ៏​គ្រោះថ្នាក់​ខ្លាំង​បំផុត​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​”​។​

​ផែនទី​នៃ​គន្លង​ព្យុះ​បានបង្ហាញ​ថា​វា​ទំនងជា​មកដល់​ច្រាំង​នៅ​កន្លែង​ណាមួយ​នៅ​ជិត​ព្រំប្រទល់​នៃ​រដ្ឋ​ន័​រ​ខា​រ៉ូ​លី​ណា និង រដ្ឋ​សោ​វ​ខា​រ៉ូ​លី​ណា​។ អភិបាលរដ្ឋ​ទាំង​២​បានប្រកាស​ស្ថានភាព​ក្នុង​គ្រាអាសន្ន​។​

​លោក​អភិបាល ហង់​រី ម៉ាក​ម៉ា​ស្ទើ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​មិន​ចង់ឱ្យ​បាត់បង់​ជីវិត​អ្នករស់នៅ​រដ្ឋ​សោ​វ​ខា​រ៉ូ​លី​ណា​ម្នា​ក់ណា​ឡើយ​ក្នុង​ព្យុះកំបុតត្បូង​នេះ​” ។​

​លោក​បាន​ប៉ាន់ប្រមាណ​ថា​ប្រជាពលរដ្ឋ​ប្រហែលជា ១ លាន​នាក់​នឹង​ជម្លៀស​ចេញពី​ឆ្នេរសមុទ្រ​រដ្ឋ​របស់លោក បន្ទាប់ពី​មាន​បង្គាប់​ឱ្យ​ជម្លៀស​មនុស្ស​ជាង ៥០.០០០ នាក់​មុននេះ​ចេញពី​កោះ Outer Banks នៅ​ចុង​ភាគខាងត្បូង​នៃ​រដ្ឋ​ន័​រ​ខា​រ៉ូ​លី​ណា​។ ប្រជាជន​ប្រហែល ២៥០.០០០ នាក់​មកពី​ភាគ​ខាងជើង​កោះ Outer Banks នឹងត្រូវ​បញ្ជូន​ទៅកាន់​តំបន់​ខ្ពស់ៗ​ចាប់ពី​ពាក់​កណ្តាលថ្ងៃត្រង់​ថ្ងៃ​អង្គារ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ព្យុះកំបុតត្បូង​ឈ្មោះ ផ្ល​រិ​ន កំពុង​បោះពួយ​សំដៅ​មករក​រដ្ឋ​ខា​រ៉ូ​លី​ណា