ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានថ្លែងថាចំពោះមនុស្សគ្រប់រូបអ្វីដែលមានតម្លៃបំផុតគឺជីវិត។មានជីវិតទើបមានអនាគត។សូមអរគុណសន្តិភាពដែលនាំឱ្យជីវិតយើងរស់និងនាំមកនូវសេចក្តីសុខ។ មានពេលខ្លះតម្លៃនៃសន្តិភាពដែលមានតម្លៃស្មើនឹងខ្យល់ដកដង្ហើមរបស់យើងត្រូវបានគេមើលមិនឃើញនិងមិនចាប់អារម្មណ៍ឱ្យតម្លៃឱ្យស័ក្តិសមនឹងគុណតម្លៃរបស់វាហើយពេលបាត់បង់ទើបចាប់ផ្តើមឱ្យតម្លៃ។ដូច្នេះជាការដឹងគុណចំពោះសន្តិភាពនិងភាពសុខសាន្តយើងត្រូវចូលរួមថែរក្សាសន្តិភាព និងបង្កើនភាពរឹងមាំឱ្យជាតិរបស់យើងបន្តទៀត។ ក៏សូមអរគុណផងដែរចំពោះអ្នករកសន្តិភាពដែលទទួលបានតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងការចូលរួមរបស់ប្រជាជនទាំងអស់គ្នា។ថ្នាក់ដឹកនាំ,អ៊ំពូងមីងយោធិននិងប្រជាជនយើងបានធ្វើការលះបង់ច្រើនណាស់ ដើម្បីបុព្វហេតុជាតិមាតុភូមិមួយនេះ។ ការថ្លែងនេះក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២០ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ០៧ មករា, សាលានាយទាហានសកម្ម, កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។លោកបញ្ជាក់ថាទិវាជ័យជម្នះ៧មករាគឺជាព្រឹត្តិការណ៍របស់ជាតិខ្មែរទាំងមូលជាតថភាពនៃការរស់ឡើងវិញរបស់យើងទាំងអស់គ្នា។ ប៉ុន្តែការទទួលស្គាល់តថភាពនេះត្រូវផ្អែកលើការសួរសំណួរ២ថាតើខ្មែរក្រហមបានកាប់សម្លាប់មនុស្សនៅជំនាន់ឆ្នាំពួកគេគ្រប់គ្រងអំណាចក្នុងអំឡុងឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ដែរឬទេ?ថាតើការផ្តួលរំលំរបបប៉ុលពតបានបញ្ឈប់ការកាប់សម្លាប់មនុស្សបន្តទៀតដោយជួយស្រោចស្រង់ជីវិតឱ្យខ្មែររស់ឡើងវិញឬយ៉ាងណា? ដូច្នេះវាមិនសំខាន់នោះឡើយចំពោះការឱ្យនិយមន័យឬការប្រើពាក្យបែបណាចំពោះព្រឹត្តិការណ៍៧មករាប៉ុន្តែអ្វីដែលសំខាន់គឺសកម្មភាពនិងលទ្ធផលនៃសកម្មភាពនោះដែលមានអត្ថន័យសំខាន់ជ្រាលជ្រៅបំផុត៕S/