បណ្តារដ្ឋបាល់ទិចនឹងបញ្ជូនសព្វាវុធដែលអាម៉េរិកអនុម័តទៅអោយអ៊ុយក្រែន
ប្រែសម្រួលៈបំណង/ហែលស៊ីនគី(អេភី,ដេល្លីម៉េល)៖ បណ្តារដ្ឋបាល់ទិច(Baltic)រួមមានអេស្តូនី(Estonia)ឡាតវី(Latvia)និងលីទុយអានី(Lithuania)នឹងបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះនិងកាំជ្រួចប្រឆាំងយន្តហោះផលិតនៅអាម៉េរិកទៅកាន់អ៊ុយក្រែននៅក្នុងចំណាត់ការមួយដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគាំទ្រពេញទំហឹងចំពេលភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងកៀវនិងរុស្ស៊ីកើនឡើងខ្លាំង។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក អ៊ែនថូនី ប្លីងកិន បាននិយាយនៅក្នុងសារបង្ហោះមួយនៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអបអរគាំទ្រាប្រជាជាតិជាសមាជិកអង្គការណាតូទាំងបីនិងអតីតរដ្ឋសហភាពសូវៀតដទៃទៀតចំពោះ«ការគាំទ្រយូរង្វែងរបស់គេចំពោះអ៊ុយក្រែន»។ ក្នុងការបង្ហោះសារមួយទៀតលោកប្លីងកិនបាននិយាយថា« ខ្ញុំអនុញ្ញាតនិងចង់អោយវាកើតឡើងអោយឆាប់ហើយយើងគាំទ្រគ្រឿងបរិក្ខាយោធាដែលសម្ពន្ធមិត្តណាតូផ្តល់អោយអ៊ុយក្រែនដើម្បីពង្រឹងលទ្ធភាពការពារខ្លួនប្រឆាំងនឹងការបង្ករឿងនិងការឈ្លានពានមិនទទួលខុសត្រូវរបស់រុស្ស៊ី»។ លោកឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យសំរាប់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បាននៅសប្តាហ៍នេះបានពណ៌នាការបញ្ជូនគ្រឿងសព្វាវុធលោកខាងលិចទៅអោយអ៊ុយក្រែនថា«គ្រោះថ្នាក់ខ្លាំង» និងថា«ពួកវាមិនបានជួយកាត់បន្ថយភាពតានតឹង»ទេ។...