Facebook លុបចោល​គណនី “​តួអង្គ​អាក្រក់​” ដែល​ពាក់ព័ន្ធ​នឹង​ជន​មាន​ឥទ្ធិពល​លើ​អន​ឡាញ​នៅ​រុស្ស៊ី​

1026
ចែករម្លែក

​ក្រុន​ហ៊ុន Facebook បាន​លុបចោល​គណនី​ចំនួន ១៣៥ ដែល​ខ្លួន​ជឿថា​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ី​ន​ធឺ​ណេ​ត (IRA) របស់​រុស្ស៊ី ដែលជា​អង្គការ​មួយ​គេ​ចោទប្រកាន់ថា​បាន​ចែកចាយ​សារ​បំបែកបំបាក់​ពាសពេញ​អ៊ី​ន​ធឺ​ណេ​ត ដោយ​គាំទ្រ​រដ្ឋាភិបាល​រុស្ស៊ី​និង​ប៉ុនប៉ង​ធ្វើឱ្យ​គូប្រជែង​របស់ខ្លួន​ចុះខ្សោយ​។​

​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​និយាយថា IRA គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​តុលាការ​យុត្តិធម៌​អាមេរិក​ពីបទ​សមគំនិត​ឆបោក​សហរដ្ឋអាមេរិក គឺ​មិនមាន​កន្លែង​នៅលើ Facebook ទេ បន្ទាប់ពី​បាន​រំលោភបំពាន​លើ​សេវាកម្ម​របស់ខ្លួន​។​

​លោក អា​ឡិច ស្តា​ម៉ូ​ស ប្រធាន​ផ្នែក​សន្តិសុខ​របស់​ក្រុមហ៊ុន​បាន​និយាយថា គណនី Facebook ចំនួន ៧០ ត្រូវបាន​លុបចោល​រួមជាមួយ​នឹង​ឈ្មោះ​ចំនួន ៦៥ ទៀត​នៅលើ​វេ​ប​សាយ​ចែករំលែក​រូបភាព​និង​វីដេអូ អ៊ី​ន​ស្តា​ក្រាម (Instagram)​។​

Facebook និយាយថា មនុស្ស​ជាង​មួយ​លាន​នាក់​បាន​ចុច Follow ទំព័រ Facebook មួយ​ដែល​គ្រប់គ្រង​ដោយ IRA និង ៥០០.០០០ នាក់​បាន​ចុច Follow គណនី​មួយ​នៅលើ Instagram​។​

​លោក ស្តា​ម៉ូ​ស និយាយថា “IRA បាន​ប្រើប្រាស់​បណ្តាញ​ស្មុ​គ្រ​ស្មាញ​នៃ​គណនី​ក្លែងក្លាយ​ជាច្រើន​ដើម្បី​បោក​បញ្ឆោត​មនុស្ស​ដែល​ប្រើ Facebook ក្នុងនោះ​គឺ​មុនពេល អំឡុងពេល និង ក្រោយពេល បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦​។ នេះហើយ​ជា​មូលហេតុ​ដែល​យើង​មិន​ចង់ឱ្យ​ពួកគេ​មាននៅ​លើ Facebook​។ យើង​បាន​លុបចោល​ទំព័រ​និង​គណនី​ចុងក្រោយ​ទាំងនេះ​ដោយសារតែ​ពួកវា​ត្រូវបាន​គ្រប់គ្រង​ដោយ IRA មិនមែន​ផ្អែកលើ​មាតិកា​នោះទេ​។ នេះ​រួមបញ្ចូល​ការអត្ថាធិប្បាយ​លើ​បញ្ហានយោបាយ​ក្នុងស្រុក​និង​អន្តរជាតិ ការផ្សព្វផ្សាយ​វប្បធម៌​និង​ទេសចរណ៍​រុស្ស៊ី ក៏ដូចជា​ការជជែក​ពិភាក្សា​លើ​បញ្ហា​ប្រចាំថ្ងៃ​ជាច្រើន​ទៀត​”​។​

​លោក ស្តា​ម៉ូ​ស និយាយថា ក្រុមហ៊ុន​នឹង​លុបចោល​រាល់​គណនី​ដែល​ទាក់ទង​នឹង IRA នាពេល​អនាគត​បន្ថែម​ទៀត​។​

​សហ​ស្ថាបនិក Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក និយាយថា ចំណាត់ការ​នេះ​គឺជា “​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូរ​នៃ​ការបោះឆ្នោត​នៅ​ជុំវិញ​ពិភពលោក​”៕ ដោយ៖ កញ្ញាដាលីស

សហ​ស្ថាបនិក Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក