សំណេះ​, សំនៀង​, សំណព្វ​, ហើប​, ហៀរ​, បង្ហៀរ​, បញ្ជោរ​, រម្លឹក​, រំលង​

193
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​សំណេះ សំ​ណា​ល ( កិ​. វិ​. ឬ គុ​. ) ដែល​និយាយ​រៀបរាប់​រាក់ទាក់​តាម​រឿង​តាម​ដំណើរ : និយាយ​សំណេះសំណាល​; ពាក្យ​សំណេះសំណាល (​សារាណីយកថា​) ។

​សំនៀង ស​., ល ( ន​. ) (​សាំ​ន្យើ​ង​, សាំ​ន្យ​ង អ​. ថ​. –​នៀង​) សូរសំឡេង​, ទឹក សំឡេង​, រស​សំឡេង​, ចុង​សំឡេង​: សំនៀងក្រអៅ​, សំនៀងទន់​, សំនៀងពីរោះ ។

​សំណព្វ –​ណ​ប់ ( គុ​. ) ដែល​ពេញ​សព្វគ្រប់​ក្នុង​ចិត្ត​, ដែល​គាប់ចិត្ត​, ដែល​គាប់គួរ​, ដែល​ឥតមាន ទាស់​អធ្យាស្រ័យ : ព្រះ​មហេសី​សំណព្វ​; សិស្ស​សំណព្វ​, កូន​សំណព្វ (​ធ្លាប់ប្រើ​មក​ថា សំណ​ប់​, ប៉ុន្តែ​កែ​ជា សំណព្វ វិញ​ដើម្បី​ឲ្យ​ស្រប​នឹង​ពាក្យ​ដើម​ដែលជា​កិរិយាសព្ទ​ថា សព្វ​; ម​. ព​. សព្វ កិ​. ផង​) ។

​ហើប ( កិ​. ) របើក​ងើប​ឃ្លាត​ពី​ទី​ប្រក្រតី : ក្តារជញ្ជាំង​ហើប ។ អណ្តែត​ងើប​ខ្ពស់​ឡើង : លុះ​កើប យក​ស្រូវ​ខ្លះ​ចេញទៅ មាឌ​ទូក​ហើប​ពី​ក្នុង​ទឹកបាន មួយ​ចំអាម ។ លើក​ឬ​ក្រោក​ឲ្យ​ឃ្លាត​ឡើង​បន្តិច (​បង្ហើប​) : ទាញ​ឡើង​ឲ្យ​ហើប​, លើក​មិន​ហើប​; ក្រោក​មិន​ហើប​ពី​កន្ទេល ។ បញ្ចេញវាចា​ឬ​ចេញ​ស្តី : ទុកជា​ស្តី​ឲ្យ​យ៉ាងណា​ក៏​មិន​ហ៊ាន​ហើប ។ ហើបមាត់ បើក​មាត់​ឬ​ហាមាត់​ស្តី ។ ហើបមាត់​មិន​រួច ស្ងៀមឈឹង​; ស្តីថា​មិនកើត​, មិន​ហ៊ាន​ស្តីថា ។ ហើបហា ហាមាត់​ឬ​បើក​មាត់​ស្តី ។​ល​។ បង្ហើប ( កិ​. ) ធ្វើ​ឲ្យ​ហើប : បង្ហើប​គ្រប​ឆ្នាំង ។

​ហៀរ ( កិ​. ) កំពប់​ហូរ​ចេញ​ព្រោះ​ពេញ​ខ្លាំង​ហួសប្រមាណ​, ព្រោះ​ខ្ពុរ​ឡើង​ឬ​ព្រោះ​ធ្លាក់​រឥល ជ្រុល​ចុះមក : ទឹកត្នោត​ហៀរ​ពី​មាត់​បំពង់​, ទឹក​បបរ​ពុះ​ហៀរ​ពី​មាត់ឆ្នាំង​, សំបោរ​ហៀរ ។ ប្រើ​ជា គុ​. ក៏បាន : ទឹក​ហៀរ​ភ្លឺ ទឹក​ច្រើនពេក​ហៀ​រលើ​ភ្លឺ ។ ដែល​ច្រើនពេក​ចង្អៀត​អង្គុយ​ឬ​ឈរ​មិន​អស់​គ្នា : មនុស្ស​ច្រើន​ហៀរ​សាលា ។ ហៀរហូរ ឬ​ហូរហៀរ (​ព​. ប្រ​.) សម្បូណ៌​គរគោក (​ច្រើន​ប្រើ ហូរហៀរ ជាង​) : ម្ហូបចំណី​សម្បូណ៌​ហូរហៀរ ។

​បង្ហៀរ ( កិ​. ) ធ្វើ​ឲ្យ​ហៀរ : បង្ហៀរទឹក ។ ( ន​. ) គ្រឿង​សេះ​សម្រាប់​បង្ខាំ​មាត់​ដឹកនាំ​ឲ្យ​ដើរ ឬ​ជិះ​កាន់​ទាញ​ទប់ : ទាញ​បង្ហៀរ​សេះ ។

​បញ្ជោរ ( កិ​. ) ធ្វើ​ឲ្យ​ជោរ​; និយាយ​លើកជើង​, លើកសរសើរ​ឲ្យ​ឡើងទឹកចិត្ត​ហាក់ ដូចជា​ទឹកជោរ ។ ឡើងបញ្ជោរ កិ​. ឬ គុ​. ដែល​ឡើងទឹកចិត្ត​ចេញ​អាការ​រីករាយ​ដោយសារ​គេ​បញ្ជោរ ។ ស៊ីបញ្ជោរ គុ​. ដែល​បានតែ​គេ​បញ្ជោរ​ទើប​គាប់ចិត្ត ។

​រម្លឹក ( កិ​. ) ធ្វើ​ឲ្យ​រឭក​ឃើញ គឺ​ឲ្យ​នឹកឃើញ​, ឲ្យ​ភ្ញាក់ស្មារតី​, ឲ្យ​ចាំ​ឡើងវិញ : រម្លឹក ស្មារតី​, រំលឹក​គ្នា​, រំឭក​មេ​ទន្ទេញ (​បុ​. សរ​. រំលឹក ក៏បាន​; សម័យ​ឥឡូវ​ក៏​សរសេរ រំឭក ឬ រំលឹក ឬ រម្លឹក នេះ ប្រើ​ជា​ជំនួស​គ្នា​បាន​តាម​ត្រូវការ​) ។

​រំលង ( កិ​. ) កន្លង : រំលង​បួន​ថ្ងៃ​ពីនេះ​ទៅ ។ ធ្វើ​ឲ្យ​កន្លង​លើ : លោត​ផ្លោះ​រំលង​សម្រាស់ ។ បង្ហូ​ស : រំលង​ផ្ទះ​ពីរ​មិនបាន​ចូល ។ ព​. ទ​. បុ​. បោះ​សន្ទូច​រំលង​ភ្នំ រំលង​អ្នកធំ​បង្ហួស​ទៅរក​អ្នកតូច​ជាមុន ឬ​រំលង​មិន​តាម​លំដាប់​មុខក្រសួង ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា