Southampton បណ្តេញ ម៉ាក ហ៊ូ​ច បន្ទាប់ពី​លទ្ធផល​ស្មើ​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

939
ចែករម្លែក

ក្លឹប Southampton បាន​បណ្តេញ​គ្រូបង្វឹក​លោក ម៉ាក ហ៊ូ​ច (Mark Hughes) បន្ទាប់ពី​ពួកគេ​ទើបនឹង​ឈ្នះ​១​ក្នុង​១៤​ប្រកួត​បើកឆាក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​

​ក្លឹប Southampton បាន​ធ្លាក់​ទៅ​តំបន់​កាត់ចេញ និង​បាត់បង់​គ្រាប់​បាល់​នាំមុខ​២ គ្រាប់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កាលពី​ថ្ងៃ​សៅរ៍​។ លោក ម៉ាក បូ​វេន (Mark Bowen) ជា​ជំនួយការ​និង​ជំនួយការ​បង្វឹក​លោក អេ​ដ​ឌី នី​ដ​វី​ក (Eddie Niedzwiecki) ក៏​ចាកចេញ​ផងដែរ​។​
​ ​
​លោក ខេ​ល​វីន ដាវី​ស (Kelvin Davis) នឹង​ចូល​ដឹកនាំ​បន្ត​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​ពុធ ជាមួយ​ក្រុម Spurs ស្របពេល​លោក រ៉ា​ហ្វ ហា​សេន​ហ៊ូ​ត​តេ​ល (Ralph Hasenhuttel) បាន​ក្លាយជា​បេក្ខភាព​ស័ក្តិសម​សម្រាប់​តំណែង​អចិន្ត្រៃយ៍​នៅ​ក្លឹប​នេះ​។​

​គ្រូបង្វឹក​សញ្ជាតិ​អូស្ត្រាលី​វ័យ​៥១​ឆ្នាំ​រូបនេះ​ត្រូវបាន​ទទួល​ពី​ស្នាដៃ​របស់លោក​ក្នុងការ​ដឹកនាំ​ក្រុម Red Bull Leipzig ហើយ​ត្រៀម​សម្រេច​មហិច្ឆតា​ចង់​ដឹកនាំ​ក្លឹប​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​គេ​ជឿថា ក្លឹប Southampton ដែល​បានបញ្ជាក់​ពី​ការចាកចេញ​របស់លោក ម៉ាក ហ៊ូ​ច កាលពី​ថ្ងៃ​ច័ន្ទ​បាន​ពិភាក្សា​ជាមួយ​លោក ប៉ាវ​ឡូ សូ​សា (Paulo Sousa) និង​លោក សាន​ឆេស ផ្ល​រ៉េ​ស (Sanchez Flores) ផងដែរ​។​
​ ​
​លោក ហា​សេន​ហ៊ូ​ត​តេ​ល ត្រូវបាន​ភ្ជាប់​ទៅនឹង​តួនាទី​នៅ​ក្លឹប Arsenal និង​ក្លឹប Brentford កាលពីពេល​កន្លងមក ហើយ​លោក​នៅ​ទំនេរ បន្ទាប់ពី​លាលែង​ពី ក្លឹប Leipzig កាលពី​ខែឧសភា​។

​ទម្រង់​លេង​ដែល​លោក​ពេញចិត្ត​គឺ​ប្រហាក់ប្រហែល​នឹង​ទម្រង់​លេង​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) នៅ​ក្លឹប Liverpool ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ាក ហ៊ូ​ច (Mark Hughes)​